ទើបរៀបការបាន៥ថ្ងៃ ប្តីទាញកាំភ្លើង AK បាញ់សម្លាប់ប្រពន្ធ និងបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ
ព្រះវិហារ ៖ ទើបតែរៀបការជាមួយគ្នាបាន៥ ប្តី កើតភ្លើងប្រច័ណ្ឌ ទាញកាំភ្លើង AK ស្វ័យបត់ បាញ់សម្លាប់ប្រពន្ធនៅនឹងកន្លែង រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ កាលពីម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងវរសេនាតូចលេខ៣៩៣ ស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចស្រុកជាំក្សាន្ត បានឲ្យដឹងថា ប្តី ឈ្មោះ វង្យ តុល អាយុ៣២ឆ្នាំ មុខរបរជាទាហានក្នុងវរសេនាតូច៣៩៣ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩ និងប្រពន្ធ ឈ្មោះ អ៊ុយ សុខដុម អាយុ១៦ឆ្នាំ មុខរបរកសិក ស្នាក់នៅភូមិឃុំកើតហេតុ ។ ប្រពន្ធត្រូវប្តីបាញ់ចំ ចំនួន២គ្រាប់ ចំគល់ថ្គាមខាងស្ដាំ ធ្លាយមកក្បាលខាងក្រោយ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ ចំណែកឃាតករ ជាប្តី បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ មូលហេតុដែលបង្កឲ្យមាន អំពើហឹង្សាក្នុងគ្រួសារថ្មីថ្មោងនេះកើតឡើង ដោយសារតែភ្លើងប្រច័ណ្ឌ ទើបធ្វើឲ្យមានទំនាស់នូវពាក្យសំដីគ្នាបន្តិចបន្តួច រវាងប្តីប្រពន្ធ ដែលទើបនឹងរៀបកាបានរយៈពេលតែ៥ថ្ងៃ ធ្វើឲ្យប្តីបានស្ទុះយកកាំភ្លើងម៉ាក់AKស្វ័យបត់ បាញ់ទៅលើប្រពន្ធ និងបាញ់សម្លាប់ខ្លួនឯងតែម្តង។
សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ លើសាកសពទាំងពីរអ្នកប្តីប្រពន្ធ ដោយសន្និដ្ឋានថាពិតជាស្លាប់ពិតប្រាកដមែន ៕