ឃាត់ខ្លួនយុវជនម្នាក់ គាស់ទ្វារព្រះវិហារ លួចរូបព្រះបដិមា២អង្គ តម្លៃជាង២ពាន់ដុល្លារ
បាត់ដំបង ៖ មានករណីលួចគាស់ព្រះវិហារ លួចយកព្រះអង្គធ្វើអំពីថ្មកែវ ចំនួន២អង្គ ។ សមត្ថកិច្ចនគរបាល បានចាប់ខ្លួន ជនសង្ស័យម្នាក់ ជាមួយនឹងវត្ថុតាង នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីព្រះសង្ឃ គង់នៅវត្តរំដួល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃដដែល វេលាម៉ោង ១០៖៤០នាទី បានចុះធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញា ឈ្មោះ ឌី វីដូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ សមត្ថកិច្ចបានដកហូតវត្ថុតាងព្រះអង្គធ្វើអំពីថ្មកែវចំនួន ២អង្គនោះមកវិញ (១អង្គ តម្លៃ ១២០០ដុល្លារ)។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕