ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកស៊ីម៉ាក់ និយាយពី សង្គ្រាម​រដ្ឋប្រហារ​រហូតដល់ខ្មែរ ស្លាប់រាប់លាននាក់

89


ភ្នំពេញ៖ ឆ្លើយតបនឹងការលើកឡើងរបស់សហរដ្ឋអាមេរិក រឿងគេចវេសមិនទទួលស្គាល់ក្នុងការគាំទ្រសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០នោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចេញសារឆ្លើយតបទៅអាមេរិក ដោយប្រាប់ឲ្យមហាអំណាច សូមកុំបន្ថែមការឈឺចាប់ឲ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម​ រដ្ឋប្រហារ​ ការកាប់សម្លាប់នោះទេ ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) បានបញ្ជាក់ក្នុងផេកហ្វេសប៊ុកថា សូមកុំបន្ថែមការឈឺចាប់ឱយកូនខ្មែរបន្តទៀត! ថ្មីៗមានអត្ថបទឆ្លើយឆ្លងគ្នាជាច្រើននិយាយពីរដ្ឋប្រហារឆ្នាំ១៩៧០​ ការទំលាក់គ្រាប់បែក​ និងគ្រាប់មីនជាដើម។ ដោយមានអត្ថបទខ្លះខិតខំបោសសំអាតខ្លួនថាគ្មានភស្តុតាង​ ឬអ្វីៗឡើយសម្រាប់ជាការដាក់បន្ទុក​ថាខ្លួនគាំទ្ររដ្ឋប្រហារនោះទេ តែមានភស្តុតាងសម្រាប់អ្នកគាំទ្ររបបខែ្មរក្រហម។ ប្រជាជនកម្ពុជាមានបញ្ញានិងសតិគ្រប់គ្រាន់ក្នុងការយល់ដឹងហេតុការណ៍ទាំងឡាយ។ សូមឱយមានទង្វើប្រកបដោយ​ការទទួលខុសត្រូវនិងសីលធម៌ជាមនុស្សខ្លះផងចំពោះទង្វើរបស់ខ្លួន​ ដើម្បី​ចៀសវាង​ការបង្កើតនូវប្រវតិ្តសាស្ត្រច្រំដែលមានមកលើប្រទេសនិងប្រជាជនដ៏កំសត់មួយនេះ។
ស្តីពីគ្រាប់មីនដែលបានប្រើប្រាស់និងរកឃើញគឺមានចំរុះគ្នាមានផលិតនៅប្រទេសអឺរ៉ុបខាងកើត​ អឺរ៉ុបខាងលិច​ ចិន​ រុស្សី​ សហរដ្ឋអាមេរិក​ វៀតណាម​ ជាដើម។ ល។ មានប្រមាណ៤-៥លានគ្រាប់​។ ជាមួយនេះគ្រាប់ទម្លាក់ពីយន្តហោះគឺមានពីសហរដ្ឋអាមេរិក​ ក្នុងរដ្ឋបាលលោកប្រធានាធិបតីJohnson ចាប់ពីឆ្នាំ១៩៦៥បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន៤៧៥,៥១៥តោន​ (ជិតកន្លះលានតោន)​ហើយក្នុងរដ្ឋបាលលោកប្រធានាធិបតី​ Richard Nixon ចាប់ពីឆ្នាំ១៩៦៩បានបញ្ជាដាច់ណាត់ឱ្យ ទំលាក់គ្រាប់បែកសម្លាប់អ្វីៗដែលមានជីវិតដោយកុំឱ្យកងទព័ខ្វល់ពីអ្វីទាំងអស់ ដោយរួមទាំងការចំណាយផង។ ការទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោកNisxon កាន់តែខ្លាំងក្លា​ មានចំនួនប្រមាណជាង២លានតោនក្នុងរយះពេល៥ឆ្នាំ​ (១៩៦៩-១៩៧៣​)។ នាំឱយទិដ្ឋន័យសរុបមានចំនួនជាង២លាន៨សែនតោន​ក្នុងរយះពេល​ថ្ងៃទី៤​ តុលា​ ឆ្នាំ១៩៦៥​ ដល់ឆ្នាំ​ ១៥​ សីហា​ ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោម ជាង២៨លានគ្រាប់​ និងគ្រាប់បែកគីមី(គ្មានកំណត់ត្រានៅឡើយទេ​)។ សុំបញ្ជាក់ថា​ តួរលេខនេះមិនទាន់ពេញលេញទេ។

ករណីលើកឡើងបញ្ហាណាមួយគប្បីគិតដល់អារម្មណ៍ការឈឺចាប់ខ្លោចផ្សា​ វិនាសព្រាត់ប្រាស់​ រលាយសាបសូន្យនូវអាយុជីវិតប្រជាជនកម្ពុជា​ខ្លះផង! វប្បធម៌ទំលាក់កំហុសឱយគ្នាទៅវិញទៅមក​ មើលមកកូនខែ្មរ​ និងទឹកដីអង្គរដ៍បវរនេះគ្រាន់តែទីលានសាកល្បងគ្រាប់និងលេងសើចមែនទេ? ឈាមនិងទឹកភ្នែកកូនខែ្មរនៅបន្តហូរនៅឡើយ​ ការបែកបាក់ក្រុមគ្រួសារនៅតែរកគ្នាមិនទាន់ឃើញនៅមានជាហូរហែរនៅឡើយ។ សូមកុំយល់ច្រឡុំថា​ ជាតិសាសន៍នេះល្ងង់ខ្លៅមិនដឹងខ្យល់ស្អីនោះ​ សូម្បីតែសង្គ្រាម​ រដ្ឋប្រហារ​ ការកាប់សម្លាប់ក៏មិនដឹងដែរនោះ!
យើងគួររួមគ្នាទទួលយកការពិតនិងខិតខំសហការគ្នាដើម្បីព្យាបាលរបួស​ និងការឈឺចាប់ទាំងនោះ​ រក្សាសន្តិភាពនិងអនាគតរុងរឿង ព្រមទាំងចៀសវាងដាច់ខាតបង្កើតប្រវត្តិសាស្ត្រជាកំហុសច្រំដែល!៕

អត្ថបទដែលជាប់ទាក់ទង