ព្រះរាជអាជ្ញា ចោទប្រកាន់បទ គំរាមកំហែង តែចៅក្រមដោះលែងលោក ម៉ៅ ច័ន្ទរស្មី មន្ត្រីក្រសួងរៀបចំដែនដី ស្រវឹងស្រាជោគបើករថយន្តបុកគេ ហើយដកកាំភ្លើងភ្ជង់សមត្ថកិច្ច
ភ្នំពេញ៖ អ្នកលេងហ្វេសប៊ុកម្នាក់ បានសូមថ្លែងអំណរគុណចំពោះលោក ចៅក្រមសេង រិទ្ធី ដែលបានសម្រេចដោះលែងលោក ម៉ៅ ច័ន្ទរស្មី អនុប្រធាននាយកដ្ឋានបច្ចេកទេស និង អភិវឌ្ឍន៍លំនៅដ្ឋាន ឲ្យត្រឡប់ទៅផ្ទះវិញ ដោយលោក ម៉ៅ ច័ន្ទរស្មី បម្រើការងារនៅនាយកដ្ឋានបច្ចេកទេស និង អភិវឌ្ឍលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គ្មានបទល្មើសធំដុំទេ គ្រាន់តែស្រវឹងស្រា បើករថយន្តបុកគេ ហើយបើករត់ ពេលសមត្ថកិច្ចតាមឃាត់ បានដកកាំភ្លើងភ្ជង់សមត្ថកិច្ចតែប៉ុណ្ណោះ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង រិទ្ធី កាលពីថ្ងៃទី២៨ មិថុនា បានសម្រចធ្វើការដោះលែងអនុប្រធាននាយកដ្ឋានម្នាក់ដែលបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ និង ដកអាវុធខ្លី ភ្ជង់គំរាមលើសមត្ថកិច្ចសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចម្ការមន ឲ្យមានសេរីភាពវិញ។ អនុប្រធាននាយកដ្ឋានរូបនោះឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ១៤E ផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បម្រើការងារនៅនាយកដ្ឋានបច្ចេកទេស និង អភិវឌ្ឍលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
លោកផែង វណ្ណៈ បានសរសេរក្នុងផេកហ្វេសប៊ុកថា “ការបើកបរក្នុងស្ថានភាពស្រវឹងទៅបុកគេ និង ដកកាំភ្លើងភ្ជង់សមត្ថកិច្ច មិនមែនជាបទល្មើសព្រហ្មទណ្ឌដែលត្រូវជាប់គុកជាប់ច្រវាក់ទេ ។ គុក និង ច្រវ៉ាក់សម្រាប់ដាក់តែកូនអ្នកក្រតូចទាបតែប៉ុណ្ណោះ ។ ហេតុនេះហើយទើបលោកចៅក្រម សេង រឹទ្ធី សម្រេចដោះលែងអោយទៅផ្ទះវិញអាចបន្តដើរផឹកស៊ី និង ដកកាំភ្លើងភ្ជុងសមត្ថកិច្ចថែមទៀតបាន ។ ម្សិលម៉ិញលោកចៅក្រម ពេជ្រ វិជ្ជាធរ សម្រេចដោះលែងលោក ឧត្ដមសេនីយ៍ ប៉ិច តុងហេង ម្ចាស់ខុនដូនៅ បឹងកេងកង ៣ ដែលដកកាំភ្លើងវាយក្បាលអ្នករើសអេដចាយ ឲ្យត្រឡប់ទៅផ្ទះវិញ ។
ទង្វើដ៏ឧត្ដុងឧត្ដមថ្លៃថ្លារបស់លោកចៅក្រម ទទួលបានការកោតសរសើរយ៉ាងខ្លាំងក្លាពីមហាជន និង ថ្នាក់លើ ។ សូមអោយអស់លោកចៅក្រមបន្តដោះលែងបន្ថែមទៀតដើម្បីអោយជនបង្ករបានឱកាសទៅបោះឆ្នោតផង “។
លោក ម៉ៅ ច័ន្ទរស្មី បានត្រូវលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ គំរាមកំហែង ហើយបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន អាស្រ័យលើឆន្ទានុសិទ្ធ របស់លោកចៅក្រមកាន់សំណុំរឿងនោះ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២៥ មិថុនា លោក ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដម៉ាក toyota higlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៩៧៦៦ បុកគូទរថយន្តគេមួយគ្រឿងម៉ាក toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AT-១៩១៤ បើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន បណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច។
មន្ត្រីនៃក្រសួងរៀបចំដែនដីដែលស្រវឹងស្រាជោក បើករថយន្តទៅបុករថយន្តអ្នកដ៏ទៃពីក្រោយ ហើយបើករត់ ពេលសមត្ថកិច្ចប្រដេញឃាត់បានក៏ដកកាំភ្លើងគំរាមសមត្ថកិច្ចកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅនោះ ឥឡូវត្រូវបានចៅក្រមសំរេចធ្វើការដោះលែងដោយមិនឃុំខ្លួននោះទេ ដែលករណីសំរេចមិនឃុំខ្លួននេះ បានធ្វើអោយមានការរិះគន់ផងដែរ ព្រោះគ្រាន់តែទោសបើកបរទាំងស្រវឹងដែលមានកំរិតជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់ឡើងទៅ ក៏ត្រូវមានទោសជាប់ពន្ធនាគារពី៦ថ្ងៃទៅ៦ខែ ឬនិងពិន័យជាប្រាក់ពី២៥.០០០រៀលទៅ១លានរៀលដែរ នេះមិនទាន់គិតពីការប្រើប្រាស់អាវុធគំរាម ទៅលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅឡើយទេ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង មន្ត្រីក្រសួងដែនដីរូបនេះ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕