រថយន្តព្រលះជាមួយម៉ូតូ ស្លាប់អ្នកជិះម៉ូតូ ម្នាក់ រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់
ព្រះវិហារ៖ បុរសម្នាក់បានស្លាប់ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបុកជាមួយម៉ូតូលើផ្លូវជាតិលេខ ៦៤ ។
មន្ត្រីប៉ូលីសនិយាយថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកគូលែង ខេត្តព្រះវិហារ បង្ករដោយរថយន្តដឹកដីបុកជាមួយម៉ូតូលើផ្លូវជាតិលេខ ៦៤ ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ នេះបេីយោងតាមរបាយការណ៍របស់ លោក ប៉ាង យៀត អភិបាលស្រុកគូលែន កាលពីថ្ងៃទី០៣ កុម្ភៈ ម្សិលមិញនេះ។
លោក ប៉ាង យៀត អភិបាលស្រុកគូលែន បានរៀបរាប់តាមរយៈប្រព័ន្ធតេឡេក្រាមថា : អ្នកបើកបរម៉ូតូឈ្មោះ ជិន រុំ ភេទប្រុស អាយុ 36ឆ្នាំ មានស្រុកកំណើត នៅខេត្ត តាកែវ ហេីយបច្ចុប្បន្ន(មិនទាន់ស្គាល់អាស័យដ្ធាន) បានបើកបរម៉ូតូម៉ាក HONDA Dream C125 ព័ណខ្មៅ ស៊េរីឆ្នាំ2009 ពាក់ស្លាកលេខកំពង់ធំ 1A-9168 លេខតួ.លេខម៉ាសុីន 8375443 បានស្លាប់នៅកន្លែងនឹងកើតហេតុ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
ចំពោះមូលហេតុបណ្ដាលអោយមានករណីគ្រោះថ្នាក់នេះឡេីង លោកអភិបាលស្រុកបានបញ្ជាក់ថា : គឺអ្នកបើកបរម៉ូតូ បេីកបរក្នុងស្ថានភាពស្រវឹងស្រា និងបេីកបរហួសល្បឿនកំណត់ ហើយដល់កន្លែងកេីតហេតុ ក៏រ៉េចង្កូតចូលចំណែកផ្លូវរថយន្ត ក៏បុកជាមួយរថយន្តតែម្ដង។ បច្ចុប្បន្នវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលស្រយង់ ដេីម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕