ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ប្រកាសរំសាយ កាំសាប ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

146


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៩ បានចេញអនុក្រឹត្យ ស្ដីពី ការរំសាយសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា កាំសាប ដែលចាប់អនុវត្តន៍ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។

បើតាមអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចថា ត្រូវបានបញ្ចប់បេសកកម្ម និងរំសាយសហគ្រាសសាធារណៈដែលមានលក្ខណៈជាក្រុមហ៊ុនរដ្ឋឈ្មោះ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា កាំសាប ដែលបានបង្កើតឡើងតាមអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី៣០ខែសីហាឆ្នាំ១៩៩៩ ស្តីពីការបង្កើតសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជានាវាចរ កាំសាប ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។ ត្រូវបានប្រគល់ភារកិច្ចជូនក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីសម្របសម្រួលផ្ទេរក្របខ័ណ្ឌ និយោជក និងនិយោជិតរបស់កាំសាប តាមលទ្ធភាព និងតម្រូវការជាក់ស្តែង ចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ឬកំពង់ផែស្វយ័តភ្នំពេញ ឬកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជា បាត់ចំណូលតែ ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្ដែការលុបនេះដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពាណិជ្ជកម្ម ដែលមករកស៊ីនៅកម្ពុជា ខណៈដែលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប នាវាបរទេសអាចធ្វើការទាក់ទងដោយផ្ទាល់មកកំពង់ផែតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង