ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភូមិមួយនៅប្រទេសជប៉ុន ស្ទើរតែគ្មានសំរាមបន្តិចសោះ

99

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៦កុម្ភៈនេះ បានឲ្យដឹងថា ភូមិ Kamikatsu ស្ថិតនៅព័ទ្ធជុំវិញដោយវាលស្រែ និងព្រៃភ្នំ ភាគខាងលិចកោះ Shikoku នៃប្រទេសជប៉ុន។ វាជាភូមិតូចមួយដែលមានប្រជាជនរស់នៅមិនដល់ ១.៧00នាក់ឡើយ។ កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ ភូមិនេះក៏មានការកែច្នៃសំរាមដែរ ដោយដុតវានៅក្នុងវាលលំហ ឬកប់ក្នុងដី។ ប៉ុន្តែគម្រោងបំពាក់ឡដុតសំរាមថ្មី ត្រូវបរាជ័យ ធ្វើឱ្យអ្នកភូមិរិះរកវិធីសាស្ត្រថ្មី ដើម្បីប្រែក្លាយភូមិរបស់ខ្លួនឱ្យទៅជាភូមិដែលគ្មានសំរាម នៅមុន និងត្រឹមឆ្នាំ២0២0។ បច្ចុប្បន្ន ជាង ៨0ភាគរយនៃសំរាមនៅក្នុងភូមិនេះ មិនត្រូវបានយកទៅដុតក្នុងឡដុតសំរាម ឬចាក់នៅទីលានចាក់សំរាមឡើយ។

គម្រោងប្រែក្លាយភូមិនេះឱ្យទៅជាភូមិដែលគ្មានសំរាម គឺបានចាប់ផ្តើមជាង ២ទសវត្សរ៍មកហើយ។ ឡដុតសំរាមត្រូវបានបង្កកើតឡើងនៅក្នុងភូមិនេះ ប៉ុន្តែដោយសារតែការព្រួយបារម្ភអំពីហានិភ័យដែលបង្កឡើងដោយឧស្ម័នពុលដែលភាយចេញពីសំរាម អាជ្ញាធរនៅតំបន់នេះ ក៏បានរិះរកមធ្យោបាយថ្មី ដើម្បីកាត់បន្ថយសំរាម ដោយញែកវាជាប្រភេទផ្សេងៗគ្នា គឺសំរាមដែលអាចប្រើប្រាស់ឡើងវិញ សំរាមដែលអាចកែច្នៃឡើងវិញបាន និងសំរាមដែលអាចកាត់បន្ថយបាន។ សំរាមទាំងនេះត្រូវបានបែងចែកជា ៤៥ប្រភេទផ្សេងៗគ្នា ហើយក្នុងចំណោម ៤៥ប្រភេទនេះ គេបែងចែកជាប្រភេទធំៗ៖ សំណល់ម្ហូបអាហារ លោហៈ ក្រដាស់ ប្លាស្ទិក ដបកែវ ថាសដាក់ម្ហូបអាហារ គ្រឿងសង្ហារឹម គ្រឿងម៉ាស៊ីន ហើយប្រភេទធំៗទាំងនេះ ត្រូវបែងចែកជាប្រភេទតូចៗទៀត គឺលោហៈ ត្រូវបែងចែកជា អាលុយមីញ៉ូម និងដែកថែប ក្រដាស់ត្រូវបែងចែកជា កាសែត ក្រដាសរឹង ក្រដាសកេស ក្រដាសកេសដែលមានស្រោមអាលុយមីញ៉ូម កែវក្រដាស ក្រដាសស៊ីឡាំងរឹង និងក្រដាសកាត់ជាបំណែកតូចៗ។
ការបែងចែកបែបនេះ ធ្វើឱ្យសំរាមទាំងនេះ ក្លាយទៅជាធនធានដែលមានគុណភាពខ្ពស់ អាចយកទៅកែច្នៃធ្វើអ្វីផ្សេងទៀតបាន។

លោកស្រី Sakano ដែលជាសហប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ឆ្នាំនេះ បានលើកឡើងថា «កាលពីដំបូង យើងត្រូវការពេលវេលាខ្លះ ដើម្បីបញ្ចុះបញ្ចូលប្រជាជនឱ្យបែងចែកសំរាម ប៉ុន្តែក្រោយមកទៀត ប្រជាជនទាំងនោះ មិនត្រឹមតែសម្អាត និងបែងចែកសំរាមនៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអនុវត្តវានៅកន្លែងប្រមូលសំរាមទៀតផង។
លោកស្រីបានបន្ថែមទៀតថា «បច្ចុប្បន្ន លោកអ្នកនឹងអាចមើលឃើញប្រជាជនបែងចែកសំរាមជា ៥ ទៅ ១0ប្រភេទនៅតាមផ្ទះ និងកន្លែងរក្សាទុកសំរាម។ គម្រោងនេះ ដំណើរការទៅដោយផ្អែកលើគោលការណ៍ ៤ Ls គឺ ធ្វើតាមតំបន់ (Local) ចំណាយអស់តិច (Low cost) ប៉ះពាល់តិចតួច (Low impact) និងប្រើបច្ចេកវិទ្យាទាប (Low tech)។

អត្ថបទដែលជាប់ទាក់ទង