រដ្ឋមន្ត្រីអប់រំអំពាវនាដល់សហព័ន្ធកីឡាជាតិ ដែលគ្មានសកម្មភាពត្រូវពង្រឹងខ្លួនឡើងវិញ
ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានសំណូមពរដល់សហព័ន្ធជាតិ ដែលគ្មានសកម្មភាពនោះឲ្យពង្រឹងខ្លួនឡើងវិញ ។
លោកថ្លែងបែបនេះនៅក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំអនុវិស័យកីឡាកាលពីថ្ងៃទី៥កុម្ភៈ ។លោកសង្កត់ធ្ងន់ថាសហព័ន្ធកីឡាបាល់ទាត់ បានក្លាយជាសហព័ន្ធគំរូគេក្នុងការកសាងធនធានមនុស្សតាំងពីកីឡាករ មន្ត្រីបច្ចេកទេស
អាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិ និង កម្រិតអន្តរជាតិ ។សហព័ន្ធកីឡាប៉េតង់ តេក្វាន់ដូWT និងសហព័ន្ធមួយចំនួនទៀតមានការរីកចម្រើនខ្លាំង ។
ផ្ទុយទៅវិញសហព័ន្ធមួយចំនួនតូចបែរជាគ្មានសកម្មភាព អ្វីទាំងអស់ ។គ្មានការប្រកួតថ្នាក់អន្តរជាតិ ហើយការប្រកួតជើងឯកថ្នាក់ជាតិបែរជាធ្វើលំៗឲ្យតែបាន ។សហព័ន្ធដែលគ្មានសកម្មភាពបែបនេះ ត្រូវតែពង្រឹងខ្លួនឡើងវិញ ។
លោករដ្ឋមន្ត្រីបានសំណូមពរឲ្យរាល់ការប្រកួតនត្រូវតែរៀបចំឲ្យមានវិជ្ជាជីវៈត្រឹមត្រូវ ។ការប្រកួតត្រូវតែមានពេទ្យ កីឡាករ កីឡាការិនីត្រូវតែមានរបបហូបចុកត្រឹមត្រូវ ស្នាក់នៅដោយកន្លែងសមរម្យ ។សម្រាប់កីឡាករ-កីឡា
ការិនីជម្រើសជាតិមិនត្រូវធ្វើខ្លួនឲ្យទៅជាតួឯក ហើយត្រូវមានយន្រការត្រួតពិនិត្យការហ្វឹកហាត់ឲ្យបានត្រឹមត្រូវ ។
អង្គប្រជុំបានឯកភាពគ្នាលើមូលបទសំខាន់ចំនួន២គឺ ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និង យុវជនម្នាក់ត្រូវមានកីឡាមួយប្រភេទក្នុងជីវិត ។
សូមបញ្ជាក់ថាកិច្ចប្រជុំដែលមានរយៈពេលមួយថ្ងៃកន្លះនេះស្ថិតក្រោមការដឹកនាំរបស់លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ។
កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពទាំង៤ចំណុះអគ្គនាយកដ្ឋានកីឡាគឺនាយកដ្ឋានអប់រំកាយ និង កីឡានាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
ក្រៅពីនោះក៏មានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និង កីឡាទាំង២៥រាជធានី-ខេត្តសហព័ន្ធជាតិទាំងប្រភេទកីឡាអូឡាំពិក និង មិនអូឡាំពិក អង្គការបេះដូងមាសរបស់ជប៉ុន ផ្នែកពាក់ព័ន្ធនានាពិសេសមានការចូលរួមពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា។
ជាមួយនឹងការបិទអង្គប្រជុំនេះក៏មានការប្រគល់ប្រាក់រង្វាន់ ដល់ជ័យលាភីចំនួន៤ប្រភេទកីឡាដែលក្នុងនោះមានជ័យលាភីប្រកួតតេក្វាន់ដូITF(International Taekwondo Federation)ពិភពលោក ជ័យលាភីកីឡាប៉េតង់ជើងឯកអាស៊ី កីឡាគុនដាវជើងឯកអាស៊ីអាគ្នេយ៍ និង កីឡាកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ ។