ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ អ្នកដែលនិយាយថា ស្ត្រីអន់ជាងបុរសគឺច្រឡំហើយ

95

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិនបានថ្លែងថា អ្នកដែលនិយាយថា ស្ត្រីអន់ជាងបុរសគឺច្រឡំហើយ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ទៅលើការបង្កើនតួនាទីស្ត្រីចូលរួមធ្វើការសំរេចចិត្តឲ្យកាន់តែច្រើនក្នុងគ្រប់ការងារសង្គម,បង្កើនសមត្ថភាព ហើយស្ត្រីក៏ជាអ្នកក្លាហានក្នុងការដឹកនាំការងារ។ 

   លោកម៉ប់ សារិនបានថ្លែងថាបែបនេះ កាលពីព្រឹកថ្ងៃទី៦កុម្ភះក្នុងពិធីបូកសរុបឆ្លុះបញ្ចាំងលទ្ធផលអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីបងប្អូនស្ត្រីជាច្រើនរយនាក់។

    ប៉ុន្តែពាក់ព័ន្ធនឹងការងារស្ត្រីនេះ លោកម៉ប់ សារិន បានបន្តថា ស្ត្រីខ្លួនឯងត្រូវចេះបង្កើនសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជំនាញគឺត្រូវតែ ចូលរួម កុំនៅពេលគេអោយទៅចូលរួមការបណ្តុះបណ្តាលបង្កើនចំណេះ ខ្លួននិយាយថាគ្មានពេល ឬជាប់មើលកូនជាប់មើលប្តី ឪពុកម្តាយជាដើម។ជាមួយគ្នា នេះក៏ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាពស្ត្រី និងកុមារព្រោះបើកុមារមាន សុខភាពល្អអនាគតប្រទេសជាតិក៏ល្អ ហើយអ្នកបង្កើតកុមារគឺស្ត្រីដែលត្រូវមាន សុខភាពល្អដែរ។

   លោកម៉ប់ សារិន បន្តថា វត្តមានរបស់អស់លោក លោកស្រីនៅទីនេះសុទ្ធតែមានតួនាទីសំខាន់ជាតំណាងឲ្យបងប្អូននារីនៅគ្រប់ថ្នាក់ និងជាអ្នក  អនុវត្តដោយផ្ទាល់ក្នុងការរួមចំណែកជំរុញ សម្របសម្រួល គាំទ្រ និងសហការគ្នា អនុវត្តគ្រប់ផែនការសកម្មភាពឲ្យទទួលបានជោគជ័យ សំដៅរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញ ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី យុវវ័យ កុមារនិងជនងាយរងគ្រោះដែលជួបការលំបាក៕

 

 

អត្ថបទដែលជាប់ទាក់ទង