ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សុះ មុះសិន សម្ពោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមអាល់វ៉ាហ្វីកោះ ខេត្តកំពត

505


កំពត៖ លោក សុះ មុះសិន សមាជិករដ្ឋសភាជាតិ បានអញ្ជើញ ជាអធិបតីក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាម អាល់វ៉ាហ្វីកោះ ស្ថិតនៅភូមិម្លេចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងពិធីខាងលើ​ ក៏មានកាអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្ដម ស៊ឹម វុទ្ធា អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។ រួមជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អជ្ញាធរដែនដី គណៈអ៊ីមុំាខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើន រូបផងដែរ។ ពិធីនេះបានប្រព្រឹត្ដទៅ កាលពី ថ្ងៃអាទិត្យ១៥រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា៖ ​ វិហារមានទំហំ បណ្ដោយ​ ១៨ ម៉ែត្រ​ និង​ ទទឹង ១៤ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់រួចរាល់ក្នុងខែមករា​ ឆ្នាំ២០១៩នេះ​ ដោយចំណាយថវិកា ៥០០០០ដុល្លារ ដែលជាជំនួយសប្បុរសធម៌ ពីសមាគមសប្បុរសធម៌ឌូបៃនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។ ដោយឡែកប្រជាពលរដ្ឋបានចូលរួមវិភាគទានលើការចាក់បំពេញ ឈូសឆាយដី​ និងការ៉ូជញ្ជាំងខាងក្នុង​ និងខាងក្រៅវិហារកម្ពស់ ១.២ ម៉ែត្រ​ អស់ថវិកា ៥០០០ដុល្លារសរុប​៥៥០០០ ដុល្លារ។

ថ្លែងទៅកាន់បងប្អូនអ្នកចូលរួម​ និងអង្គពិធីទាំងមូល លោក សុះ មុះសិនបានមានប្រសាសន៍ថា វិហារឥស្លាម ឬហៅថា ម៉ាស្ជិទ មិនមែនត្រឹមតែជាកន្លែងគោរពប្រត្តិបតិធម៌វិន័យឥស្លាមតែប៉ុណ្ណោះទេ តែជាមជ្ឈមណ្ឌល អប់រំទូន្មាន ប្រៀនប្រដៅសាសនិកអោយធ្វើអំពើល្អ ចៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយ ជាកន្លែងសម្រាបេីជុំនុំ ពិគ្រោះពិភាក្សាកិច្ចការសាសនា និងជាទីតាំងបង្ហាញពីវប្បធម៌ ប្រពៃណីរបស់ឥស្លាម​ និងជាមជ្ឈមណ្ឌលព័ត៌មាន និងសង្គមកិច្ច។ និយាយរួម ទីវិហារដើរតួនាទីយ៉ាងសំខាន់ដូចទីវត្តអារាមរបស់ខាងពុទ្ធសាសនាដែរ។

លោកបានបន្តថា ៖សមិទ្ធផលជាច្រើនកំពុងរីកលូតលាស់ ដុះដាលជាបន្តបន្ទាប់នេះគឺស្ដែងចេញពីប្រទេសជាតិកំពុងស្ថិតក្នុងសុខសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិតែមួយ ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែបន្តពង្រឹងថែរក្សាការពារសន្តិភាព សុវត្ថិភាព ស្ថិរភាព សន្តិសុខ​ និង​ សណ្ដាប់ធ្នាប់សាធារណៈដើម្បីស្ថាបនាសង្គមមួយដោយសេចក្តីថ្លៃថ្នូរ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ និងអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
លោកតំណាងរាស្ត្របានបន្តថា៖ សច្ចភាពប្រវត្តិសាស្រ្តនៃប្រទេសយើង ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម និងបង្កវិនាសកម្មឥតគណនាដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នានៅទីនេះ ពិតជានឹងចងចាំនិងធ្លាប់បានលឺពីរបប​ ប៉ុលពត ដែលបានបំផ្លិចបំផ្លាញ អាយុជីវិតនិងហេដ្ឋារចនាសម្ព័ន្ធជាតិស្ទើរទាំងស្រុង ប្រជាជនស្លូតត្រង់យើងជិត ៣ លាននាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌ជាទីបំផុត ។ ចំណែកឯបងប្អូនសាសនិកអ៊ិស្លាមក៏ បានរងគ្រោះយ៉ាង អយុត្តិធម៌រកទីបំផុតគ្មានក្នុងរបបនេះ ពួកឃាតករបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ព្រៃផ្សៃឈឺចាប់ខ្លោចផ្សាឥតគណនា បិទសិទ្ធិសេរីភាពសព្វបែបយ៉ាង ចំពោះបងប្អូនសាសនិកឥស្លាមត្រូវ បានបង្ខំឲ្យធ្វើការបាក់កម្លាំង ពុំមានអាហារគ្រប់គ្រាន់ ហើយបង្ខំឲ្យទទួលទានសាច់ជ្រូក មិនឱ្យថ្វាយបង្គំព្រះប្រចាំថ្ងៃ មិនអោយបួសខែរ៉ម៉ាឌនមិនឲ្យសូត្រគម្ពីរអាល់គូរអាន ។

លោកបន្តថា៖ ដោយមានថ្ងៃរំដោះ ៧​ មករា កម្ពុជាបានប្រែក្លាយ ពីប្រទេសដែលសេសសល់ពីគំនរផេះផង់នៃសង្គ្រាមស៊ីវិល មកជាប្រទេសដែលមានការអភិវឌ្ឍជាលំដាប់ រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី​ និង​ ឯករាជ្យជាតិតែមួយ។ កម្ពុជាសព្វថ្ងៃកំពុងសាង កិត្យានុភាពលើឆាកអន្តរជាតិតាមគោលនយោ បាយបរទេសរបស់ខ្លួនឱ្យល្បីរន្ទឺផងដែរ។
លោកបានបន្តទៀតថា៖ សម្រាប់សហគមន៍ អ៊ីស្លាមនៅកម្ពុជាពិតជាមានភ័ព្វសំណាងខ្ពស់ណាស់ ដោយបានរួមរស់ជាមួយប្រជាពលរដ្ឋខ្មែរយ៉ាងសុខដុមរមនា មានសិទ្ធិនិងកាតព្វកិច្ចដូចគ្នាចំពោះមុខច្បាប់ គ្មានការរើសអើងពិសេស មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសខាងជំនឿសាសនាដែលខ្លួនពេញចិត្ត ៕

អត្ថបទដែលជាប់ទាក់ទង