អាជ្ញាធរជាតិអប្សរាកំពុងបូមទឹកបញ្ចូលក្នុងស្រះប្រាសាទអង្គរវត្ត
សៀមរាប៖ ស្រះទឹក នៅប្រាសាទអង្គរវត្ត គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរ ដែលនិយមផ្តិតយករូបភាព កំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយនឹងទឹក។ កម្ដៅថ្ងៃហួតហែងខ្លាំង នារដូវប្រាំង បានធ្វើឱ្យទឹកនៅក្នុងស្រះស្រកលឿន និងបាត់សោភ័ណភាពមួយផ្នែក។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឱ្យទាន់ពេល អាជ្ញាធរជាតិអប្សរា បាននិងកំពុងបូមទឹកបញ្ចូលក្នុងស្រះនេះ។
អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក កំពុងបូមទឹកពីកសិន្ធុប្រាសាទអង្គរវត្ត បញ្ចូលទៅក្នុងស្រះខាងត្បូង ឬស្រះប្រុស ដែលការងារនេះ បានចាប់ផ្តើមពីថ្ងៃទី៣ ខែកុម្ភៈ ដែលពេលនេះ ការបញ្ចូលទឹកសម្រេចបានប្រមាណ ៣០ភាគរយ ស្មើនឹង ១.៥០០ម៉ែត្រគូប។
តាមការពន្យល់បន្ថែម របស់លោក ភឿន សុឃីម ស្រះប្រុសនៃប្រាសាទអង្គរវត្តមានទំហំ ៥០គុណ៨០ម៉ែត្រ ដែលអាចផ្ទុកទឹកបានចំនួន ៥.០០០ម៉ែត្រគូប ហើយការងារនេះ ត្រូវប្រើពេលមួយសប្ដាហ៍ទៀត ដើម្បីបញ្ចូលទឹកឱ្យគ្រប់ទៅតាមបរិមាណត្រឹមត្រូវ។ តាមការបញ្ជាក់របស់លោក ភឿន សុឃីម ការបញ្ចូលទឹកនេះ ធ្វើឡើងតែស្រះប្រុសតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើង ឬស្រះស្រី ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរផងដែរនោះ អាជ្ញាធរជាតិអប្សរា មិនបានបញ្ចូលទេ ដោយទុកឱកាស ឱ្យនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ធ្វើកំណាយបន្តទៀត ក្នុងគម្រោងស្ដារឡើងវិញ នៃរចនាសម្ព័ន្ធស្រះនេះ។
គួរបញ្ជាក់ថា ស្រះទឹកប្រាសាទអង្គរវត្ត គឺជាផ្នែកមួយសំខាន់ ដែលភ្ញៀវទេសចរ និយមទស្សនា ជាមួយនឹងរូបភាពកំពូលប្រាសាទអង្គរវត្ត ដែលឆ្លុះនៅក្នុងទឹក។ ភ្ញៀវទេសចរ និយមទស្សនា នៅទីតាំងទាំងនេះ នៅរាល់ថ្ងៃរះ និងថ្ងៃលិច៕