គម្រោងបង្កើតសាកលវិទ្យាល័យកីឡា ឈានដល់កម្រិតសាកល្បង
ភ្នំពេញ:គម្រោងនៃការបង្កើតសាកលវិទ្យាល័យកីឡា បានឈានដល់ការសាកល្បងហើយក្នុងខណៈដែលលក្ខខ័ណ្ឌជាច្រើនដើម្បីតម្លើងកម្រិតពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាត្រូវបានបំពេញនោះ ។
លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍ថាកន្លងមកមាន សាកលវិទ្យាល័យកីឡាមួយនៅទីក្រុងណង់សាធារណរដ្ឋបារាំងបាន លូកដៃជួយលើផ្នែកជាច្រើន ជាមួយគ្នានេះអង្គការបេះដូងមាសរបស់ជប៉ុនក៏បានជួយដែរ ។
តាមមហិច្ឆតាររបស់ក្រសួងអប់រំ យុវ ជន និងកីឡាគ្រោងធ្វើឲ្យសាកលវិទ្យាល័យកីឡាលេចចេញជារូបរាងនៅចុងឆ្នាំ២០១៨តែកត្តា ធនធានមនុស្សពិសេសគ្រូនៅខ្វះខាតទើបអ្វីៗត្រូវពន្យារដល់ឆ្នាំ២០២០ ។ ទោះបីយ៉ាណាក៏
ពេលនេះវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាកំពុងតែសាកល្បងបណ្ដុះបណ្ដាលនិស្សិតកម្រិតបរិញ្ញាប័ត្រជាលើកដំបូងចំនួន២០រូប ។
ពួកគេសិក្សាទៅតាមមេរៀនដែលបានរៀបចំ រួចជាស្រេចហើយ ។ការសិក្សាកម្រិតបរិញ្ញាប័ត្រមានរយៈពេល៤ឆ្នាំដូចគ្រឹស្ថានឧត្តមសិក្សានានាដែរ ។
សូមបញ្ជាក់ដែរថា នៅពេលដំណើរការសាកល្បងនេះ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន៣ជាចំណុះ គឺមហាវិទ្យាល័យគរុកោសល្យ មហាវិទ្យាល័យគ្រូ និងមហាវិទ្យាល័យរដ្ឋាបាលកីឡា ។
គេនៅចាំបានថានៅឆ្នាំ១៩៨០សាលាមធ្យមសិក្សាអប់រំកាយ និង កីឡាបានបើកជាលើកដំបូងដែលកាលនោះអ្នកដែល ប្រឡងជាប់សញ្ញាប័ត្រឌីប្លូមអាចប្រឡងចូលសិក្សាបានហើយ ។ នៅឆ្នាំ២០០៣សាលាមធ្យមសិក្សាអប់រំកាយ និង កីឡាបានតម្លើងកម្រិតមកជាវិទ្យាស្ថានជាតិអប់រំកាយ និង កីឡារហូតមកទល់បច្ចុប្បន្ននេះ ។
សព្វថ្ងៃវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាបណ្ដុះបណ្ដាលរយៈពេល២ឆ្នាំហើយនៅពេលដែលវិទ្យាស្ថាននេះបំពេញ លក្ខខ័ណ្ឌឲ្យទៅជាសាកលវិទ្យាល័យនោះការបណ្ដុះបណ្ដាល ដែលមានកម្រិតបរិញ្ញាប័ត្រគឺមានរយៈពេល៤ឆ្នាំហើយ ។