ឪពុកជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារបាវិត ប្តឹងសមត្ថកិច្ចឲ្យចាប់កូនញៀនថ្នាំ លួចរថយន្ត បើករត់គេច
ខេត្តស្វាយរៀង ៖ យុវជនម្នាក់ និងមិត្តភក្តិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលលួចឆ្កឹះសោយករថយន្ត RX330 មួយគ្រឿង របស់ឪពុក បើករត់គេច រហូតសមត្ថកិច្ចបើករថយន្តដេញចាប់តែយុវជននោះភិតភ័យ បើកថយន្តធ្លាក់ប្រឡាយទឹក ទើបឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីធ្វើតេស្តទឹកនោម ជាលទ្ធផលគឺមានសាធាតុញៀនទាំង២នាក់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតរបងវត្តខ្ជាយ ស្ថិតក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយបានទទួលពាក្យបណ្តឹងពីឪពុក របស់យុវជនខាងលើ សមត្ថកិច្ចចេញមកស្ទាក់លើផ្លូវជាតិលេខ១ ក៏ជួបប្រទះរថយន្តខាងលើ។ សមត្ថកិច្ចនាំគ្នាដេញតាម ហើយមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយ យុវជនខាងលើបត់ស្តាំសំដៅទៅទិសខាងជើង។
រថយន្ត RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN 9931 ធ្វើដំណើរពីទិសខាងត្បូងទៅជើង ដោយមានរថយន្តសមត្ថកិច្ចដេញតាមពីក្រោយ។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវនេះរាងកោង ក៏រេចង្កូតមកខាងលិច ផ្លូវធ្លាក់ចូលប្រឡាយត្រាំក្នុងទឹក។ ក្រោយពីរថយន្តធ្លាក់នោះប្រឡាយរួចមក យុវជនទាំង២នាក់ បានបើកទ្វាររថយន្តរត់ចេញទៅវត្ត តែត្រូវពលរដ្ឋដេញចាប់បានប្រគល់សមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ឪពុកយុវជនខាងលើ មានឈ្មោះ ចាន់ ណាវី មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ យុវជនបង្កខាងលើ មានឈ្មោះ ចាន់ សុខកា អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះមើលកូនមានប្រពន្ធប្រកបមុខរបរធ្វើសក់ រស់នៅភូមិឃុំកើតហេតុខាងលើ និងអ្នករួមដំណើរជាមួយមានឈ្មោះ អាតឿ អាយុជាង២០ឆ្នាំ។ សមត្ថកិច្ចឃាត់ខ្លួនជនទាំង២នាក់ មកកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីធ្វើតេស្តទឹកនោម ជាលទ្ធផលគឺមានសាធាតុញៀនទាំង២នាក់។ ចំណែករថយន្តខូចខាតផ្នែកខាងបន្តិតបន្តួច ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់រថយន្តវិញ។ សមត្ថកិច្ចឃាត់ខ្លួន ជនម្នាក់ម្នាក់ឈ្មោះអាតឿ នាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដោយមានដីកាតុលាការខេត្តស្វាយរៀង បង្គាប់ឲ្យចាប់ខ្លួន និងយុវជនម្នាក់ទៀតជាអ្នកបើករថយន្ត ត្រូវឃាត់ខ្លួន នៅអធិការស្រុកស្វាយទាប រង់ចាំដោះស្រាយតាមច្បាប់៕