ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងវិស្វកម្មពហុជំនាញ នៃកម្លាំងមួកខៀវកម្ពុជា នៅសាធារណៈរដ្ឋលីបង់ (Lebanon) ទទួលបានអាជ្ញាប័ណ្ឌពីអង្គការ UNMAS ផ្នែកបោសសម្អាតមីន

108

កងកម្លាំវិស្វកម្មពហុជំនាញ​នៃកងកម្លាំងមួកខៀវកម្ពុជា ទើបចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ​ នៅសាធារណៈរដ្ឋលីបង់កាលពីខែមុននេះបានប្រឡងជាប់ទទួលអាជ្ញាប័ណ្ឌពីអង្គការ UNMAS ប្រចាំប្រទេសលីបង់ដោយជោគជ័យ​មុនធ្វើប្រតិបត្តិការបោសសម្អាតមីន នៅតាមតំបន់ដែលគេសង្ស័យថាមានគ្រាប់មីន។ នៅថ្ងៃទី៧ ខែកុម្ភៈនេះពីតំបន់បេសកកម្មអង្គការសហប្រជាជាតិនៅប្រទេស លីបង់ លោកវរសេនីយ៍ឯក ឡុក សារ៉ាយ​ មេបញ្ជាការកងវិស្វកម្មពហុជំនាញបានអោយដឹងថា“បន្ទាប់ពីកម្លាំងមួកខៀវកម្ពុជាទាំងអស់មុនចេញប្រតិបត្តិការបោសសម្អាត មីន​ ឬការងារផ្សេងៗទៀត​ កម្លាំងតាមក្រុមត្រូវតែធ្វើការប្រលងយកអាជ្ញាប័ណ្ឌ​ ស្ថាប័នតំណាងអង្គការសហប្រជាជាតិ ប្រចាំប្រទេសលី បង់ ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ពីសមត្ថភាពជំនាញការងារ”។លោកវរសេនីយ៍ឯក​បន្ថែមថា ផ្នែកបោសសម្អាតមីន​ គឺប្រលងលើវិញ្ញាសារ​ដោះមីនដោយដៃ​ និងដោយគ្រឿងចក្រ។លោកវរសេនីយឯកលើកឡើងថាការដែលអង្គការUNMASរបស់អង្គការសហប្រជាជាតិបានផ្តល់អាជ្ញាប័ណ្ឌ ដល់កងកម្លាំងវិស្វកម្មពហុជំនាញនេះ​ដោយសារស្ថាប័នអង្គការសហប្រជាជាតិមួយនេះ​ បានសង្កេតឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង​និងមានការព្យាយាមខ្ពស់ពីកងកម្លាំងមួកខៀវកម្ពុជា​ ដែលមានក្រុមវិស្វកម្មកងបោសសម្អាតមីនដោយដៃនិងដោយគ្រឿងចក្រនិងកងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​។​ជាមួយគ្នាកងកម្លាំងមួកខៀវកម្ពុជាដែលបំពេញបេសកកម្មនៅប្រទេសលីបង់​​ គឺទទួលបានជោគជ័យគ្រប់ការងារបេសេកកម្មទាំងអស់។លោកជំទាវឧត្តមសេនីយ៍ទោ កុសល ម៉ាលីដា​ អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​អោយដឹងថា“កងកម្លាំងវិស្វកម្មពហុជំនាញចូលរួមបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋលីបង់​មានអមដោយកម្លាំងដោះមីន គឺជាកម្លាំងបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវតាមស្តង់ដាររបស់អង្គការសហប្រជាជាតិដែលកម្លាំងទាំងនោះមកពីស្ថាប័នចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិអគ្គបញ្ជាការដ្ឋានបញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត”។ លោកជំទាវបានបន្តថា ទោះបីមានការហ្វឹកហ្វឺនច្បាស់លាស់នៅក្នុងស្រុកយ៉ាងណាក៏ដោយ​នៅពេលទៅដល់ប្រទេសត្រូវបំពេញបេសកកម្ម​គឺត្រូវប្រលងយកអាជ្ញាប័ណ្ឌជាមុនសិន មុនចុះប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង