អាងស្តុបទឹកក្រោយដី ស្ថានីយបូមទឹកនិងការជីកដាក់ប្រព័ន្ធលូពង្វាងទឹកកកខ្វក់ចេញពីទន្លេបាសក់តូចទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក គម្រោងសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុងខែវិច្ឆិកាឆ្នាំ២០២០
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយអោយប្រជាពលរដ្ឋបានដឹង ស្តីពីការអនុវត្តគម្រោងសាងសង់អាងស្តុបទឹកក្រោយដី ស្ថានីយបូមទឹកនិងជីកដាក់ប្រព័ន្ធលូពង្វាងទឹកកកខ្វក់ចេញពីទន្លេបាសក់តូចទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ហើយគម្រោងនេះនឹងចាប់ផ្តើមសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០១៩ ដោយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកាឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ កុម្ភៈ បានឲ្យដឹងថា ដើម្បីកែលំអរប្រព័ន្ធរំដោះទឹកនិងប្រព័ន្ធប្រឡាយលូនៅក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយការលិចលង់ជំនន់ទឹកភ្លៀង ដែលតែងតែបង្កអោយមានការខូចខាតហេដ្ឋារចនាសម្ព័ន្នានាក្នុងតំបន់មួយចំនួនក្នុងខណ្ឌចំការមន និង ដូនពេញ ក៏ដូចបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹកនិងជីកដាក់ប្រព័ន្ធលូ ដើម្បីពង្វាងទឹកកខ្វក់ចេញ ពីទន្លេបាសក់តូចទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។
គម្រោងនេះបាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៩តទៅ និងគ្រោងបញ្ចប់នៅចុងខែវិច្ឆិកាឆ្នាំ២០២០ ក្នុងនោះរួមមាន៖ ១ ជីកដាក់បណ្តាញលូ មេពង្វាងទឹកកខ្វក់ចេញពីទន្លេបាសក់តូទំហំ មុខកាត់១.២ម៉ែត្រនិង១.៥ម៉ែត្រ ប្រវែង២៦៦០ម៉ែត្រ តាមបណ្តោយផ្លូវស ប៊ិត មហាវិថីសុធារសនិងកំណាត់មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសក់និងសង្កាត់បឹងកេងកង១ខណ្ឌចំការមន។
២ សាងសង់អាងស្តុបទឹកក្រោមដីដែលមានចំណុះ៣០០០ម៉ែត្រគុបនិងស្ថានីយបូមទឹកដែលមានសមត្ថភាពបូមទឹក៤.៥ម៉ែត្រគួបក្នុង១វិនាទីនៅសួនច្បារនាគភ្លោះក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។
៣ សាងសង់អាងស្តុបទឹកក្រោមដីចំណុះ១០០ម៉ែត្រគូបនិងបំពាក់ម៉ូទ័រស្វ័យប្រវត្តិ ដែលមានសមត្ថភាពបូមទឹក៥០០ម៉ែត្រគួបក្នុង១ម៉ោង នៅជ្រុងរបងខាងកើតស្ថានទូតរុស្សុី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ដើម្បីចាប់ផ្តើមការអនុវត្តគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានជីកសាកល្បងរកមើលបណ្តាញក្រោមដី នៅចំណុចមួយចំនួននៅលើគន្លងវិថី សប៊ិត មហាវិថីសុធារសនិងកំណាត់មហាវិថីម៉ៅសេទុង ដើម្បីបញ្ជៀសផលប៉ះពាល់ជាអតិបរិមា៕