ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាប្រឈម ៥ ដែលកំពុងគម្រាមកំហែង ដល់មហាសមុទ្រ

167


ក្រសួងបរិស្ថាន នៅថ្ងៃទី៩កុម្ភៈ បានផ្សាយថា មហាសមុទ្រ គ្របដណ្តប់ផ្ទៃដី ៧0ភាគរយ នៃផ្ទៃដីសរុប។ ភពផែនដីស្រស់បំព្រង មហាសមុទ្រក៏ស្រស់បំព្រងដែរ។ ប៉ុន្តែ មហាសមុទ្ររបស់យើង កំពុងប្រឈមនឹងការបំផ្លាញដែលបណ្តាលមកពីកត្តាដូចខាងក្រោម៖

១. បម្រែបម្រួលអាកាសធាតុ
បម្រែបម្រួលអាកាសធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មហាសមុទ្រ ដោយវាធ្វើឱ្យមហាសមទ្រកាន់តែក្តៅឡើងៗ និងធ្វើឱ្យទឹកសមុទ្រមានកំហាប់ជាតិអាស៊ីតកើនឡើង។ ជាលទ្ធផល វានឹងធ្វើប៉ះពាល់ដល់ជីវិតសត្វនៅក្នុងមហាសមុទ្រ។ បញ្ហានេះ អាចត្រូវបានកាត់បន្ថយតាមរយៈការជ្រើសរើសការញ៉ាំ និងការធ្វើដំណើររបស់យើងប្រកបដោយភាពឆ្លាតវៃ ដើម្បីកាត់បន្ថយការកើនឡើងនូវកម្តៅលើភពផែនដី។

២. សំណល់ប្លាស្ទិក
សំណល់ប្លាស្ទិកជាង ៥លានលានកោដិ កំពុងអណ្តែតពាសពេញផ្ទៃមហាសមុទ្រ។ បញ្ហានេះ ត្រូវការអន្តរាគមន៍ជាបន្ទាន់ ដោយយើងត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តងហើយបោះចោល និងត្រូវការការគាំទ្រពីថ្នាក់ដឹកនាំនៅលើឆាកអន្តរជាតិ។

៣. អាហារគ្រឿងសមុទ្រដែលធានានូវនិរន្តរភាព
ស្ទើរតែមួយភាគបីនៃស្តុកត្រីនៅលើពិភពលោក ត្រូវបាននេសាទលើសកម្រិត។ ត្រីដែលកាលពីមុនមានច្រើនសន្ធឹកសន្ទាប់ ដូចជា Bluefin Tuna កំពុងប្រឈមនឹងភាពងាយរងគ្រោះ។ ភោជនីយដ្ឋាន និងទីផ្សារអាហារគ្រឿងសមុទ្រ នៅក្នុងប្រទេសជាច្រើន កំពុងបម្រើម្ហូបអាហារគ្រឿងសមុទ្រដែលងាយរងគ្រោះ។ App ថ្មី ដូចជា Seafood Watch អាចជួយយើងឱ្យកំណត់ប្រភេទសត្វសមុទ្រដែលកំពុងប្រឈមនឹងភាពងាយរងគ្រោះ និងជ្រើសរើសអាហារស្រស់ៗ និងធានានូវនិរន្តរភាព។

៤. តំបន់ការពារសមុទ្រ
ក្រៅពីជាកន្លែងអភិរក្សជីវចម្រុះក្នុងទឹក តំបន់ការពារនៅក្នុងមហាសមុទ្រ អាចដើរតួជាគណនីសន្សំសម្រាប់សហគមន៍នេសាទ។ ត្រីនៅក្នុងតំបន់ការពារ នឹងសម្បូរកាន់តែច្រើនឡើងៗ ដោយវានាំគ្នាទៅបង្កាត់ពូជនៅក្នុងតំបន់ទាំងនេះ។ ទោះបីជាតំបន់ទាំងនេះមានអត្ថប្រយោជន៍ដ៏ច្រើនក្តី ប៉ុន្តែតំបន់ទាំងនេះមិនមានគ្រប់គ្រាន់នៅក្នុងមហាសមុទ្រឡើយ។ មហាសមុទ្រនៅលើពិភពលោក មានតំបន់ការពារតែ ២ភាគរយប៉ុណ្ណោះ ខណៈដែលអ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថា យើងត្រូវបង្កើតតំបន់ការពារឱ្យបាន ៣0ភាគរយនៃមហាសមុទ្រសរុប ដើម្បីជាទីជម្រកសម្រាប់ជីវចម្រុះក្នុងសមុទ្រ និងដើម្បីការពារមហាសមទ្ររបស់យើងឱ្យស្រស់បំព្រង។

៥. ការឧបត្ថម្ភធនដល់សហគមន៍នេសាទ
ជារឿងរាល់ឆ្នាំ រដ្ឋាភិបាល ចំណាយ ៣៥ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់សហគមន៍នេសាទដែលការឧបត្ថម្ភនេះភាគច្រើនជំរុញដល់ការនេសាទខុសច្បាប់ ពីព្រោះវាអាចនាំដល់ការនេសាទត្រីហួសតម្រូវការប្រើប្រាស់ នាំឱ្យប៉ះពាល់ដល់ធនធានត្រីនៅក្នុងមហាសមុទ្រ។

អត្ថបទដែលជាប់ទាក់ទង