ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដបែនដឹកថ្ម ដាច់ហ្វ្រាំងបុករះចូលផ្ទះប្រជាពលរដ្ឋ​ និងរថយន្ត ស្លាប់ ម្នាក់និងរបួស៤នាក់

100


(ព្រះសីហនុ)៖ ​រថយន្ដបែនធុនធំដឹកថ្មមួយគ្រឿង ដាច់ហ្វ្រាំងនៅពេលចុះចំណោត បានបុករះរថយន្ដ, ម៉ូតូ និងបន្ដទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​លើផ្លូវវិថីផែ ត្រង់ចំណុច​កែងរ៉ា P4 ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ ម្នាក់និងរបួស៤នាក់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយ រថយន្ដបែនដឹកថ្មី បើកបរក្នុងទិស​ពី​ភ្នំពេញ ឆ្ពោះមក​ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ​ដាច់ហ្រ្វាំង ជ្រុលចូលទៅបុក​រថយន្តចំនួន​០២គ្រឿង, ម៉ូតូ​០៣គ្រឿង និង​ផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រោះថ្នាក់ចរាចរបានបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង រងរបួសមនុស្សចំនួន​០៤នាក់ ក្នុងនោះស្រី​០២នាក់ បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើ ។ ចំណែកអ្នកបើកបររថយន្តបង្ក​រងរបួស​ធ្ងន់។

ស្ត្រីរងគ្រោះឈ្មោះ ម៉ម ស្រីណូអាយុ២៣ឆ្នាំ មានមុខរបជាបុគ្គលិកកាសុីណូ និងជាបង្គោលក្នុងគ្រួសារដែលទទួលចិញ្ចឹមម្តាយមេម៉ាយ និងចិញ្ចឹមក្មេងកំព្រា២នាក់ទៀត(ម្នាក់ពិការ)នៅក្នុងបន្ទុក។ គ្រួសារស្តីរងគ្រោះរស់នៅផ្ទះជួលជិតកន្លែងកើតហេតុ និងថាការបាត់បង់ស្ត្រីរងគ្រោះម្នាក់នេះបានធ្វើអោយក្រុមគ្រួសារក្នុងបន្ទុកជួបបញ្ហាផ្នែកជីវភាព៕

អត្ថបទដែលជាប់ទាក់ទង