លុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់បង្ហាញឬកចែកលុយកូនជាសាធារណៈ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។
បើតាមផេកហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី៩កុម្ភៈនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា «នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។
នេះជាអភិក្រមទី៥គឺការវះកាត់»។
បើតាមផេកហ្វេសប៊ុក Gee Yong បានសរសេរថា «
នាងខ្ញុំGee Yong ម្ចាស់អាខោនFb សូមជំរាបបកស្រាយជូនបងប្អូនក្នុងFB ថា រឿងលោកពូ គឹម រស្មី ចែកថវិការអោយកូនៗ ក្នុងកម្មវិធីខួបកំណើតចៅ ស្រីនៅយប់ថ្ងៃ 05/02/2019 នេះរូបគាត់គ្មានបំណងចង់ផ្សព្វផ្សាយឫចង់បង្អួតចេញជាសាធារណៈនោះទេ ព្រោះកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារ។ ហេីយថវិការនេះបានមកពីការលក់ជរ័កៅស៊ូ ព្រោះគាត់មានចំការកៅស៊ូរ និង រោងចក្រកែឆ្នៃជរ័កៅស៊ូរ របស់គាត់។លុយនេះមិនពាក់ពន្ធ័រឿងលុយប្រាក់ខែឫលុយបទល្មើសព្រៃឈើដូចការបកស្រាយរបស់មតិមួយចំនួនក្នុងបណ្ដាញសង្គមbf នោះទេ នាងខ្ញុំថតវីដីអូរនេះបង្ហោះមិនបានសុំការអនុញ្ញាតពីលោកពូជាមុននោះទេ ព្រោះនាងខ្ញុំយល់ថាវាជារឿងអបអរ តែបែជាធ្វើអោយប៉ៈពាល់ដល់កិត្តិយសរបស់លោកពូ ទៅវិញ»។
កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោក គឹម រស្មី មានតួនាទីឋានៈត្រឹមតែជាមេប៉េអឹមខេត្តមួយសោះ បែរជា មានលុយចែកកូនៗដល់ទៅ៥០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតកាលពីយប់មិញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយលោកបានអះអាងជាសាធារណៈ។
នេះបើយោងតាមគណនីហ្វេសបុករបស់ បងស្រីឈ្មោះ Gee Yong បានបង្ហោះកាលពីយប់មិញលោក គឹម រស្មី បានឡើងឈរលើវេទិកាខួបកំណើត ឈរអមដោយភរិយា និងកូនៗ ហើយលោកបានប្រកាសជាសាធារណៈ ចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗ ចំនួន១០ម៉ឺនដុល្លារអាមេរិក សរុប៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។ ហើយលោកបានបញ្ជាក់ទៀតថា លោកក៏បានបញ្ជូនកូនទៅរៀន ដល់ប្រទេសសឹង្ហបុរីផងដែរ។
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ចំពោះចំណូលរបស់លោកមេបញ្ជាការប៉េអឹមខេត្តទិសឦសាន គឹម រស្មី ខណៈប្រាក់ខែរដ្ឋត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ។ មហាជនចោទជាសំណួរថា ទ្រព្យសម្បត្តិគាត់មហិមាណាស់ តើគាត់បានមកពីណា ?៕