ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវដល់បងប្អូនកម្មករ សុំកុំជឿទៅតាមការញ៉ុះញ៉ុង ពីក្រុមជនអគតិក្នុងចេតនាបំភាន់ បំភ្លៃការពិត ឬការធ្វើកូដកម្ម បាតុកម្មបំបែកឆ្នាំងបាយខ្លួនឯង

89

លោក ឃួង ស្រេង បានណែនាំ ឲ្យមន្ត្រីអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែងស្នាក់នៅ របស់កម្មករ កម្មការិនី មើលពីតម្រូវការជាក់ស្តែងទឹក ភ្លើង សំរាមជាដើម។

ការលើកឡើងយ៉ាងដូច្នេះ របស់ លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោក ចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា សាខាបក្សសហជីពមូលដ្ឋាន តាមរោងចក្រក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។


លោក ឃួង ស្រេង បានថ្លែងទៀតថា «បងប្អូនកម្មករ-កម្មការិនីយើងមានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានគិតគូរសុខទុក្ខ និងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេលវេលាតាមរយៈកញ្ចប់អត្ថប្រយោជន៍ទាំង៩ចំណុចធ្វើឲ្យកម្មករ-កម្មការិនីយើង ទទួលបានផលប្រយោជន៍រួមទាំងប្រាក់បៀវត្សបានសមរម្យទៀតផង»។

លោក បានបញ្ជាក់ថា បងប្អូនកម្មករ កម្មការិនី បើមានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយតាមជាក់ស្ដែងជូនភ្លាម។ លោក ក៏បានអំពាវនាវដល់បងប្អូនកម្មការ កម្មការិនី សុំកុំជឿទៅតាមការញ៉ុះញ៉ុង ពីក្រុមជនអគតិក្នុងចេតនាបំភាន់ បំភ្លៃការពិត ឬការធ្វើកូដកម្ម បាតុកម្មបំបែកឆ្នាំងបាយខ្លួនឯងនោះ។

ឱកាសនោះ លោក ឃួង ស្រេង ក៏បានលើកឡើងថា កន្លងមកតាមរយៈការទទួលជួបសំណេះសំណាល របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានប្រកាស អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករនិយោជិត។

ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយមានប្រាក់ឈ្នួលប្រចាំខែ ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យសុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស ។ ចំពោះស្រ្តីសំរាលកូន ត្រូវឈប់សំរាក៣ខែ ទទួលប្រាក់១២០% ជាដើម -ល-។

នាឱកាសដ៏ស្និទ្ធស្នាលនេះដែរ លោក ឃួង ស្រេង ក៏បាននាំយកថវិការបស់សម្តេ​ចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិតទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនីទាំង១,១៣៤នាក់ ក្នុងម្នាក់ថវិកា២ម៉ឺនរៀលផងដែរ។

ទិវានៃក្តីស្រឡាញ់ខិតជិតមកដល់ គឺថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីតាមរោងចក្រ សូមកុំយកថ្ងៃ១៤កុម្ភៈ ទៅប្រព្រឹត្តិរឿងស្នេហាប្រាសចាកប្រពៃណីវប្បធម៌ខ្មែរ។

លោក ឃួង ស្រេង បានបន្តទៀតថា រឿងស្នេហាស្រី-ប្រុស ជារឿងធម្មជាតិរបស់សត្វលោក តែយើងមិនត្រូវភ្លេចកិត្តិយស និងប្រពៃណីជាតិនោះទេ។ ថ្ងៃនៃក្តីស្រឡាញ់ មិនមែនសំដៅតែទៅលើរឿងស្នេហាស្រី-ប្រុសនោះទេ គឺគេអាចធ្វើចំពោះឪពុកម្តាយ លោកគ្រូអ្នកគ្រូ ជីដូនជីតា មិត្តភក្តិជាដើម គ្រប់៣៦៥ថ្ងៃ។

លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ និងជាប្រធានក្រុមការងាកសាងគណបក្ស កសាងអង្គការសហជីពខណ្ឌសែនសុខ បានឲ្យដឹងថា ខណ្ឌសែនសុខ មានរោងចក្រចំនួន៤៨រោងចក្រ និងសហគ្រាស ចំនួន១៩សហគ្រាស មានកម្មករសរុបចំនួន២៩,២៦២នាក់ និងកម្មករស្នាក់នៅផ្ទះជួល ចំនួន៣៤,៣២៤នាក់។

លោកថា ក្រុមការងារគណបក្សកសាងអង្គការសហជីពខណ្ឌសែនសុខ ជាផ្នែកមួយចំណុះឲ្យគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ ដែលដឹកនាំដោយប្រធាន១នាក់ អនុប្រធាន៥នាក់ និងសមាជិកា៣៣នាក់ ។ មានលេខាធិការដ្ឋាន ជាសេនាធិការឲ្យក្រុមការងារនេះ ក្នុងកសាងផែនការ។

ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ បានបញ្ជាក់ថា នាថ្ងៃនេះ កម្មករមកពីសាខាបក្សសហជីពមូលដ្ឋានរោងចក្រ ចំនួន៨រោងចក្រ ស្មើ១,១៣៤នាក់។ ហើយបច្ចុប្បន្នកំពុងត្រៀមបង្កើត គណៈកម្មាធិការគណបក្សមូលដ្ឋានរោងចក្រសេនហ្សានស៊ូ ស្ថិតក្នុងសង្កាត់គោកឃ្លាង៕

អត្ថបទដែលជាប់ទាក់ទង