គ្រាប់បែកកំណត់នាទី ដាក់បង្កៃចោល នៅក្នុងកាស៊ីណូហ្គោលឌែន
បន្ទាយមានជ័យ ៖ គ្រាប់បែកកំណត់នាទីមួយគ្រាប់ ដែលបង្កៃចោលក្នុងកាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានគេប្រទះឃើញនៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
នៅមុនពេលកើតហេតុ មានបុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។
សន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍។
មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះ។
រហូតដល់ម៉ោងជាង៧៖៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ដោយដាក់សម្បកកង់ឡានយ៉ាងច្រើនគទប់ពីលើ ក្នុងកាស៊ីណូហ្គោលឌែន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ដល់មនុស្សនៅកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា គ្រាប់បែកនេះ គឺជាគ្រាប់បែកកែច្នៃ ដើម្បីកំណត់ម៉ោងផ្ទុះ ប៉ុន្តែកម្លាំងជំនាញស៊ីម៉ាក់ បានសម្រេចចុចបំផ្ទុះគ្រាប់បែក ដែលជនខិលខូចលួចមកដាក់នេះ នៅមុនម៉ោងកំណត់តែម្តង៕