ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិវឌ្ឍសហគមន៍ជនជាតិភាគតិច បង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយៈបង្កើតរបរបន្ថែម ចិញ្ចឹមឃ្មុំ ដាំឫស្សី ចិញ្ចឹមសត្វ

117


ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែកុម្ភ: ឆ្នាំ ២០១៩ ជាថ្ងៃទី៣ នៃដំណើរចុះមកបំពេញការងាររបស់ លោករដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេង សាខុន ​និងសហការី មកកាន់ទឹកដីខេត្តមណ្ឌលគិរី។ នាព្រឹកថ្ងៃនេះ លោករដ្ឋមន្ត្រី និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាសាក្សីក្នុងពិធី ចុះកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។

តាមផ្លូវមកកាន់កន្លែងប្រារព្វពិធី លោករដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះមកពិនិត្យការដាំកូនឈើក្រញូងចំនួន ១៥ ហិកតា របស់រដ្ឋបាលព្រៃឈើនៅព្រំប្រទល់របៀង ដែលគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី (ADB) តាមរយ:គម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់ទន្លេមេគង្គ។ នាឱកាសនេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ យកចិត្ដទុកដាក់មើលថែរក្សាកូនឈើ ឱ្យបានលូតលាស់ល្អ ជាពិសេសការពារភ្លើងឆេះព្រៃ។

ដោយឡែកក្នុងពិធីចុះកិច្ចព្រមព្រៀងនាព្រឹកនេះ បានប្រារព្ធក្នុងបរិវេណសាលាបឋមសិក្សាដាក់ដាំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនជនជាតិភាគតិចព្នងប្រមាណ ២៥០នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានអានរបាយការណ៍ ពីស្ថានភាពជារួមនៃសហគមន៍ព្រៃឈើទូទាំងខេត្តថា បច្ចុប្បន្នខេត្តមានសហគមន៍ព្រៃឈើចំនួន៨ មានផ្ទៃដីសរុប ១០.៤៦៥ហិកតា មានសមាជិក ៧២៤គ្រួសារ ក្នុងនោះ ៥សហគមន៍បានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឡែកសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ បានធ្វើការចុះកិច្ចព្រមព្រៀង។ ចំពោះសហគមន៍នេះមានផ្ទៃដី ១១០៤ហិកតា មានសមាជិក ១១៤ គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចព្នង។ ការអភិវឌ្ឍសហគមន៍ព្រៃឈើ បានទទួលការគាំទ្រ ដោយគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់ទន្លេមេគង្គ ដោយធ្វើការបណ្តុះបណ្តាល ធ្វើដំណើរទស្សនកិច្ចសិក្សា តាមបណ្តាខេត្តនានា ចូលរួមប្រជុំ និងសិក្ខាសាលា ក្រុមសន្សំប្រាក់ ចិញ្ចឹមមាន់ ឃ្មុំ និងដាំបន្លែ បោះបង្គោលព្រំប្រទល់ វេនយាមល្បាយព្រៃ និងសង់ទីស្នាក់ការសហគមន៍ អណ្តូងទឹក បង្គន់អនាម័យ និងថាមពលពន្លឺព្រះអាទិត្យ។ល។

ស្ថិតកក្នុងទឹកដីដាក់ដាំដ៏សែនមនោរម្យ លោករដ្ឋមន្ត្រី បានធ្វើការសំណេះសំណាល ជាមួយបងប្អូនជនជាតិដើមភាគតិច។ លោករដ្ឋមន្ត្រី និងអភិបាលខេត្ត បាននាំយកមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត តែងតែគិតគូពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូនទូទាំងខេត្ត ជាពិសេសបងប្អូនស្រុកអូររាំង ឃុំដាក់ដាំ ។ ចំពោះពិធីនាថ្ងៃនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះមន្ទីរកសិកម្ម ខ័ណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហការគ្នារៀបចំ បង្កើតសហគមន៍ព្រៃឈើ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍ និងអភិរក្សព្រៃ សត្វព្រៃ ជីវៈចម្រុះ ធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើដែលជា វប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយឱ្យបានគង់វង្សតរៀងទៅ។ ដើម្បីរក្សាបាននូវនិរន្តរភាព នៃការគ្រប់គ្រងសហគមន៍ព្រៃឈើ លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សហការអនុវត្តការងារ ផែនការសកម្មភាព ទាំងរបស់រដ្ឋបាលព្រៃឈើ និងរបស់គម្រោងនានា ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ខិតខំស្វះស្វែងរកដៃគូ ឬគម្រោងនានា ដើម្បីបន្តអភិវឌ្ឍសហគមន៍ ឱ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែម ពីធនធានព្រៃឈើ បង្កើតនិងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយៈបង្កើតរបរបន្ថែម ដូចជាចិញ្ចឹមឃ្មុំ ដាំឫស្សី ចិញ្ចឹមសត្វ និងដាំដំណាំ។ល។ និងជាពិសេសចូលរួមថែរក្សា និងអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិច ឱ្យបានគង់វង្ស៕

អត្ថបទដែលជាប់ទាក់ទង