ពលរដ្ឋអ្នកលក់ដូរ២នាក់ យកសំរាមបោះចូលក្នុងទឹកទន្លេ ជាអំពើដ៏លាមក មិនចេះស្រឡាញ់បរិស្ថាន
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូមួយលើបណ្តាញសង្គម ករណីប្រជាពលរដ្ឋអ្នកលក់ដូរ២នាក់ បានយកសំរាមបោះចូលក្នុងទឹកទន្លេ នាពេលថ្មីៗនេះ ត្រូវបាន អភិបាលខេត្តកំពង់ចាម ប្រតិកម្មថា នេះជាអំពើដ៏លាមកបំផុត ហើយលោកបានស្នើឲ្យពលរដ្ឋទាំងអស់គ្នាចូលរួមដើម្បី បរិស្ថានយើងល្អ សុខភាពយើងល្អ កិត្តិយលយើងល្អ ។
លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១កុម្ភៈនេះបានសរសេរលើផេកហ្វេសប៊ុកថា ” ខ្ញុំ បានឃើញការបង្ហោះមួយនេះ មិនដឹងថា អ្នកបង្ហោះបានមកពីការពិត ឬការរៀបចំ នៅកន្លែងណា ពេលណា នោះទេ តែរូបភាពនេះពិតជាបានបង្ហាញនូវអំពើដ៏លាមកបំផុត ។ បើយើងជាខ្មែរដូចគ្នា សូមចូលរួមថែរក្សា បរិស្ថានយើងទាំងអស់គ្នា កុំចេះតែបន្ទាស អ្នកបោះក៍ខ្មែរ អ្នកសំអាតក៍ខ្មែរ អ្នកបន្ទោសក៍ខ្មែរ អ្នកទទួលខុសត្រូវក៍ខ្មែរ អាក្រក់ឬល្អគឺខ្មែររបស់យើង ។ចូលរួមបានទាំងអស់គ្នា បរិស្ថានយើងល្អ សុខភាពយើងល្អ កិត្តិយលយើងល្អ ទេសចរណ៍ពេញចិត្ត ជីវភាពយើងល្អប្រសើរ …។ ខ្មែរអាចធ្វើបាន”។
បន្ទាប់ពីមានការផ្សាយព័ត៌មាននោះមក លោក ឈឿន ប៊ុនឆន មន្ត្រីនគរបាលមួយរូប បានអះអាងថា រូបវីដេអូនេះ គឺជាសកម្មភាពអ្នកលក់ដូរនៅខាងសង្កាត់ស្វាយរលំ មិនមែននៅសង្កាត់អន្លង់ចិនទេ។
លោកបន្តថា ” ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមានស្រុកកំណើតនៅឃុំកោះអន្លង់ចិន បច្ចុប្បន្នសង្កាត់កោះអន្លង់ចិន។ មើលវីដេអូនេះភ្លាម ខ្ញុំដឹងថា គឺកំពង់ចម្លងពីសង្កាត់ស្វាយរលំ ទៅសង្កាត់កោះអន្លង់ចិនចំណុចក្បាលកោះ ប៉ុន្តែវាគឺខាងដីសង្កាត់ស្វាយរលំនោះទេ ដែលប្រជាជនកំពុងបោះសំរាមចោល ហើយបុគ្គលដែលបានបោះសំរាមនេះ ក៏មិនប្រជាជនរស់នៅលើដីកោះអន្លង់ចិនដែរ ។ បញ្ហាបោះសំរាមចូលទន្លេនេះ មិនទើបកើតឡើងថ្មីៗនេះទេ គឺមានច្រើនឆ្នាំមកហើយ ប៉ុន្តែប្រជាជនលើកោះអន្លង់ចិនភាគច្រើនមិនទម្លាប់អាក្រក់បែបនេះទេ “៕