ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤ចំណុចសំខាន់ ដែលកងកម្លាំង អន្តរាគមន៍ពិសេសខេត្តកំពង់ចាម ត្រូវអនុវត្ត គឺកិច្ចការពារផលប្រយោជន៍ ប្រជាពលរដ្ឋ និងដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់

159

ខេត្តកំពង់ចាម៖ គណៈអភិបាលខេត្តកំពង់ចាមលោក​ គួច​ ចំរើន បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់កងកម្លាំងអន្តរាគមន៍ ពិសេសនៃស្នងការដ្ឋាននគរបាលជាតិកំពង់ចាម មានការងារ៤ចំណុចសំខាន់ ដែលត្រូវអនុវត្ត នោះគឺ កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជសពលរដ្ឋ និងដាច់ខាតការពារឲ្យបាននូវ រាជរដ្ឋាភិបាលស្របច្បាប់។


ការបញ្ជាក់បែបនេះ របស់លោកគួច ចំរើន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ​ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំង អន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលមានសិក្ខាកាមចំនួន៤២០នាក់ ក្រោយពីបានធ្វើវឹកហាត់នូវជំនាញ អន្តរាគមន៍ពិសេស សម្រាប់ត្រៀមធានាការពារសន្តិសុខ​ ​សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងការបោះឆ្នោត ខាងមុខនេះ។


លោក​ គួច​ ចំរើន​ បានបន្តថា កងកម្លាំង អន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺមានភារកិច្ច ការពារសុខសន្តិភាព សុវត្ថិភាព​ គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងការឃោសនា របស់បក្សនយោបាយនីមួយៗ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះ លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម បានលើកឡើងនូវ ចំណុចសំខាន់ៗចំនួន៤ ដើម្បីឲ្យកងកម្លាំងអន្តរាគមន៍ពិសេស អនុវត្តន៍ដែល ក្នុងនោះរួមមាន៖
ទី១៖​ យើងជាកងកម្លាំង ត្រូវមានភារកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ តាមជំនាញរៀងៗគ្នា​ក្នុងភារកិច្ចដ៏ចាំបាច់ ដែលត្រូវធ្វើការយកចិត្តទុក ការពារសុខសន្តិភាព​ ការទប់ស្កាត់បទល្មើស​ ការពារគ្រោះថ្នាក់ចរាចរ ឲ្យកាន់តែល្អប្រសើរឡើង។

ទី២៖​ កងកម្លាំងមានបេសកកម្ម ក្នុងការការពារនៃយុទ្ធនាការ ឃោសនាបោះឆ្នោតស្វែងរកសំឡេងបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា មិនត្រឹមតែពលរដ្ឋ អ្នកតំណាង គណបក្សនយោបាយនីមួយៗ គ្រប់គ្នាអាចបន្តសកម្មភាពដោយស្មើភាពគ្នា។

ទី៣៖​ យើងជាកងកម្លាំងរបស់រាជរដ្ឋាភិបាល​ក៏ដូចជាប្រជាពលរដ្ឋ គ្រប់រូបត្រូវតែចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងជំរុញផ្សព្វផ្សាយ ដល់ក្រុមគ្រួសារឲ្យធ្វើការចូលរួមបោះឆ្នោត ព្រោះជាភារកិច្ចរបស់ពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ប្រទេសជាតិ​ឲ្យមានការរីកចម្រើន​ សន្តិភាព​ សុវត្ថិភាព​ ស្ថេរភាព​ តាមបែបលទ្ធិប្រជាធិបតេយ្យ។

ទី៤៖​ កងកម្លាំងរបស់យើងត្រូវពង្រឹងសមត្ថភាព ការហ្វឹកហាត់ ការ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ឲ្យខានតែបាន ព្រោះនេះគឺជាភារកិច្ចរបស់ដែនសមត្ថកិច្ច របស់កងកម្លាំងយើងទាំងអស់គ្នា ក្នុងការអនុវត្តបានល្អប្រសើរឡើង។ ហើយកងកម្លាំងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ តាមគោលដៅរបស់រាជរដ្ឋាភិបាល ដោយត្រូវការពារមិនឲ្យមានការយាយី ពីក្រុមណាមួយក្នុងសកម្មភាពបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។


ជាមួយគ្នានោះដែរ ​លោកគួច​ ចំរើន​ បានកោតសសើរ ដល់គ្រប់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានការពារសុវត្ថិភាព​ ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ​ ការពារសុខសន្តិភាព​ និងចូលរួមលើបញ្ហាគ្រឿងញៀន បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរផងដែរ​ ។ ក្នុងកម្មវិធីនោះដែរ លោកអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន១០លានរៀល​ និងបានចែកជូនថវិកា ដល់សិក្ខាកាមចំនួន៤២០នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ ៕

        

អត្ថបទដែលជាប់ទាក់ទង