ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោជល់ស្វែងរកអ្នកប្រដាល់ជើងខ្លាំង វ័យក្មេងចំនួន៤ខេត្ត

120


​ភ្នំពេញ:ព្រឹត្តការណ៍ប្រកួតប្រដាល់ដែលគេប្រសិទ្ធិនាម ថា<អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាម ខេត្ត>នឹងធ្វើទៅតាមខេត្តចំនួន៤ ដែលមានសក្ដានុពលខាងប្រដាល់គុនខ្មែរ ។
នេះជាការសហការគ្នារវាងសហព័ន្ធប្រដាល់គុនខ្មែរ ជាមួយទូរទស្សCNC ក្រោមការសហការ និង ឧបត្ថម្ភទាំងស្រុងដោយភេសជ្ជៈគោជល់ ។

​ខេត្តចំនួន៤ដែលនឹងត្រូវរៀបចំការប្រកួតនេះ មានខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និង ខេត្តកំពង់ចាមហើយអ្នកប្រដាល់ដែលត្រូវចូលរួម ប្រកួតគឺអ្នកប្រដាល់របស់ខេត្តនោះ ឬអ្នកប្រដាល់ដែលមានប្រភពកំណើតនៅ
ខេត្តនោះតែម្ដង ។
នេះជាការប្រកួតសម្រាប់ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ដែលខេត្តនីមួយៗត្រូវមាន អ្នកប្រដាល់ចំនួន៤រូបប្រកួតគ្នា ដើម្បីរកអ្នកខ្លាំងចំនួន២រូប ។ បន្ទាប់ពីរកឃើញជើងខ្លាំងពី ខេត្តទាំង៤ដែលមានអ្នកប្រដាល់ចំនួន៨រូបនោះ ពួកគេត្រូវមកប្រកួតបន្តនៅសង្វៀនCNCរាជធានីភ្នំពេញ ។
៨រូបជម្រុះយក៤រូប ហើយ៤រូបជម្រុះយក ២រូប ឯអ្នកខ្លាំង២រូបចុងក្រោយត្រូវប្រកួតផ្ដាច់ព្រ័ត្រតែម្ដង ។
ជើងខ្លាំងនៃព្រឹត្តិការណ៍នេះគេនឹងមានឱកាស ដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេស និងប្រកួតក្នុងព្រឹត្តិការណ៍ធំៗ
ជាច្រើន ។

​ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៩កុម្ភៈដែលមាន លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោកហួរ រតនៈប្រធានផ្នែកលក់របស់CNC និងលោកមាស សំអុលនាយកចាត់ការទូទៅរបស់គោជល់នោះបាន
ឲ្យដឹងថា ការប្រកួតនេះចាប់ផ្ដើមចេញដំណើរមុនគេពីខេត្តបាត់ដំបង ។
បាត់ដំបងប្រកួតនៅថ្ងៃទី២៣កុម្ភៈដែលគូប្រកួតជម្រុះនោះមានចិត្រ សុភីប្រកួតជាមួយមិត្ត សំណាង និងរិ យូហានប្រកួតជាមួយបឺត សុធា ។ខេត្តកមពង់ស្ពឺនៅថ្ងៃទី៣០មីនាដែលមានអ្នកប្រដាល់ធា វាសនាប្រកួតជាមួយ
ឡុង សំណាង និង សូត្រ សាណូប្រកួតជាមួយរឿង សារិទ្ធ ។ខេត្តកំពង់ធំនៅថ្ងៃទី២៧មេសាដែលពុទ្ធ ប៊ុនម៉ៅប្រកួតជាមួយសាត ស៊ីណង និង ឡុង សាមីត ប្រកួតជាមួយអេ រាជសីហ៍ ។ខេត្តកំពង់ស្ពឺប្រកួតថ្ងៃទី៤ឧសភាដោយពុទ្ធ សុធីនប្រកួតជាមួយរិ រ៉ាដា និង ឡុង វណ្ណា ប្រកួតជាមួយសោម ពិសិដ្ឋ ។

​ជាមួយនឹងការប្រកួតស្វែងរកអ្នកខ្លាំងនេះ នៅតាមបណ្ដាខេត្តនីមួយៗ ក៏មានការប្រកួតជាមិត្តភាពចំនួន ២គូជាមួយអ្នកប្រដាល់បរទេសទៀតផង ។

អត្ថបទដែលជាប់ទាក់ទង