បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយក ចំណេះដឹង
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យសិក្ខាកាមទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយក ចំណេះដឹង និងបានក្រើនរំលឹកថា៖ “យើងអាចដឹកសេះទៅកន្លែងទឹកបាន ប៉ុន្តែយើង មិនអាចបង្ខំសេះឱ្យផឹកទឹកបានទេ” ។
ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ ជាអធិបតី ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង “Adaptive Leadership: Leading Change for Organizational Renewal”។
កម្មវិធីវគ្គបណ្តុះបណ្តាលនេះ សហការរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការធ្វើបទបង្ហាញពីវាគ្មិន ដែលបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។
វគ្គបណ្តុះបណ្តាលទី១ធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់មន្ត្រីរាជការជាថ្នាក់ដឹកនាំចំនួន៥០រូប ចំណែកវគ្គបណ្តុះបណ្តាលទី២ នឹងត្រូវធ្វើឡើងនៅខេត្ត ព្រះសីហនុចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់មន្ត្រីរាជការជាថ្នាក់ដឹកនាំចំនួន ៥០រូបបន្ថែមទៀត។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់មន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីបង្កើននូវ ចំណេះដឹងផ្ទាល់ខ្លួន និងសម្រាប់អង្គភាពរបស់ខ្លួនលើជំនាញភាពជាអ្នកដឹកនាំ ក្នុងគោលដៅបង្កើតនូវ គំនិតផ្តួចផ្តើមថ្មីៗលើការបង្កើនប្រសិទ្ធភាពការងារនៅក្នុងអង្គភាពនិងសហគមន៍របស់ខ្លួន។
ថ្លែងនៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក Faustino John Lim សហស្ថានិក និងជានាយក កិច្ចការអន្តរជាតិនៃមជ្ឈមណ្ឌល Center of Asia Leadership បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ចង ចាំនូវចំណុចបួនយ៉ាងគឺ៖ ទីមួយ ចូលរួមឱ្យបានសកម្ម ដើម្បីបង្ហាញអំពីទស្សនៈរបស់ខ្លួន ទីពីរ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងបញ្ហាដែលកំពុងពិភាក្សា ទីបី ភ្ជាប់ប្រធានបទនិងករណីសិក្សាទៅនឹង អង្គភាពរបស់ខ្លួន បញ្ហាប្រឈមទាក់ទងនឹងភាពជាអ្នកដឹកនាំ របស់ខ្លួនឯង និងចំនុចទីបួន ចំណាយពេលវេលានេះជាឱកាសក្នុងការគាំទ្រគ្នាទៅវិញទៅមក និងសិក្សាពីគ្នាទៅវិញទៅមក។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ ជាឱកាសដ៏កម្រក្នុង ការពង្រីកចំណេះជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន ព្រមទាំងផ្តល់ឱកាសដល់មន្ត្រីរាជការជាអ្នកដឹកនាំរបស់យើង បានសិក្សាស្វែងយល់ពីជំនាញសំខាន់ៗចាំបាច់ក្នុងការចូលរួមចំណែកប្រកបដោយភាពវិជ្ជមាន ដើម្បី ដឹកនាំក្រសួង ក៏ដូចជាប្រទេសជាតិឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់បន្ថែមទៀត។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ ឆ្នាំនេះជាឆ្នាំបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រី ដូច្នេះសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់ ចែករំលែកការអនុវត្តល្អៗ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អពីគ្រូបណ្តុះបណ្តាល ពិសេសបើកចិត្តឱ្យទូលាយក្នុងការពិភាក្សា ប្រកបដោយផ្លែផ្កា និងបានក្រើនរំលឹកថា៖ “យើងអាចដឹកសេះទៅកន្លែងទឹកបាន ប៉ុន្តែយើងមិនអាច បង្ខំសេះឱ្យផឹកទឹកបានទេ”។
លោកទេសរដ្ឋមន្ត្រី ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard បានទទួលស្គាល់ផងដែរថា៖ កម្មវិធីបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មន្រ្តីរាជការគ្រប់រូប ក្នុងការបើកចិត្តឱ្យទូលាយ និងរៀន អភិវឌ្ឍខ្លួនឱ្យទៅជាអ្នកដឹកនាំ ដូចដែលលោកធ្លាប់ទទួលបានបទពិសោធន៍សម្រាប់ចំណេះជំនាញ ផ្ទាល់ខ្លួន និងជំនាញវិជ្ជាជីវៈផងដែរ។
សួមជម្រាបជូនថា៖ វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃទាំង២វគ្គនេះ នឹងពិភាក្សាលើករណីសិក្សា សំខាន់ៗ ដែលបានសម្រិតសម្រាំងឡើងយ៉ាងពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់កណ្តាល ដែលបម្រើការងារក្នុងវិស័យ សាធារណៈ ស្របតាមក្របខ័ណ្ឌ និងវិធីសាស្រ្តបង្រៀននៅមហាវិទ្យាល័យ Harvard Kennedy School of Government និងមហាវិទ្យាល័យ Harvard Business School។