សង្ក្រាន្តខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩ នឹងមានតុបតែងរចនាខុសប្លែក និងសប្បាយជាងបណ្តាឆ្នាំមុនៗ
ខេត្តបន្ទាយមានជ័យ ៖ សង្ក្រាន្ត ឆ្នាំ២០១៩នេះ នៅក្នុងខេត្តបន្ទាយមានជ័យ នឹងមានការរៀបចំតុបតែងរចនាខុសប្លែក និងសប្បាយជាងបណ្តាឆ្នាំមុនៗ ពិសសក៏មានការរៀបចំឲ្យមានការលែងល្បែងកម្សាន្តប្រជាប្រីយ៍ជាច្រើនប្រភេទ នឹងមានការប្រគំតន្ត្រីរាំលែងកម្សាន្តមានការបាញ់ទឹកពេញរយ:ពេលបីថ្ងៃពេញផងដែរ ។
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមនឹងប្រតិភូក្រុមការងារ (សសយក) បានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ត្រៀមរៀបចំសង្ក្រាន្ត ខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩ខាងមុខនេះ ដែលមានការចូលរួមពី លោក សួន បវរ អភិបាល នៃគណអភិបាលខេត្តលោក ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បណ្តាមន្ទីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។ កិច្ចប្រជុំបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោក ស សុខា បានថ្លែងថា “ព្រឹកនេះ ខ្ញុំ និងឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកំលាំង និងប្រធាន អនុប្រធាន តំណាងស្រុក ក្រុង សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ”។
ដោយក្នុងនោះ ក៏នឹងមានការរៀបចំរក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋដែលមកលែងកំសាន្តទាំងបីថ្ងៃនៅបរិវេនសួនមានជ័យ ដែលជាបេះដូងសម្រាប់បងប្អូនអ្នកបន្ទាយមានជ័យ ហើយក៏មានការអញ្ជើញចូលរួមជាអធិតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី នៅក្នុងថ្ងៃសង្ក្រាន្តផងដែរ ។
សូមបញ្ជាក់ថា ៖ សម្រាប់ខេត្តបន្ទាយមានជ័យបានរៀបចំកម្មពិធីសង្ក្រាន្ត រយៈពេល៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦មកម្លេះ នេះជាឆ្នាំទី៤ហើយ សម្រាប់ការរៀបចំសង្ក្រាន្តថ្នាក់ខេត្ត ដោយនៅឆ្នាំ២០១៨កន្លងទៅ មានការចូលរួមពីបងប្អូនជាង១១ម៉ឺននាក់ ។
ជាមួយគ្នានោះតាមការបញ្ជាក់ពីក្រុមការងារ ស ស យ ក ខេត្ត បានបញ្ជាក់ថា ៖ ឆ្នាំ២០១៩នេះ អាចមានការចូលរួមច្រើនជាងឆ្នាំមុនៗ ដោយយើងមានការរៀបចំឲ្យសមស្របទៅតាមលក្ខណៈថ្នាក់ជាតិទាំងការរៀបចំ និងការលែងកំសាន្ត ការប្រគុំតន្ត្រីមានទាំងកីឡាប្រដាល់ នឹងមានការរៀបចំឲ្យមានកម្មពិធីលែងកំសាន្តជាច្រើនទៀតផងដែរ ។
ដោយនៅក្នុងខេត្តបន្ទាយមានជ័យមានការរៀបចំសង្ក្រាន្តឆ្នាំនេះចំនួន៣កន្លែង មាននៅប្រាសាទបន្ទាយឆ្មារ ក្រុងប៉ោយប៉ែត និងរៀបចំកម្មពិធីធំនៅបរិវេនសួនមានជ័យ(អតីតវេទិការចាស់) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៕