គោលដៅឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយ ជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជឿជាក់ថា ក្នុងការបង្កើនប្រសិទ្ធភាពវិនិយោគ កាត់បន្ថយថ្ងៃដើមផលិតកម្មទឹកស្អាត ក៏ដូចជា ធានាបាននូវគុណទឹកសម្រាប់ការផ្គត់ផ្គង់អនុលោមតាមស្តង់ដារកំណត់ មានសុវត្ថិភាព និងធានាបាននូវសុទិដ្ឋិនិយម សម្រាប់យើងទាំងអស់គ្នា ក្នុងការសម្រេចបាននូវគោលដៅឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយ ជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន ។
អគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយ អង្គការសុភាពពិភពលោក (WHO) និងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) បានកសាងចប់ជាស្ថាពរនូវកម្រងឯកសារបទដ្ឋានបច្ចេកទេសអប្បរមាសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច ហើយដែលក្រសួងបានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយឲ្យបសនទូលំទូលាយស្តីពីការដាក់ឲ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសខាងលើនេះ ។
អង្គសិក្ខាសាលា ដែលធ្វើឡើងកាលពីថ្ងៃទី១១កុម្ភៈនៅសណ្ឋាគារភ្នំពេញ ត្រូវបានការចូលរួមអញ្ជើញពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទក្រសួង បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាងមកពីកម្មវិធី3i តំណាងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី /ខេត្ត អង្គភាពរដ្ឋាករទឹកសាធារណៈ ដៃគូអភិវឌ្ឍន៍នានា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ប្រតិបត្តិករទឹកស្អាតឯកជន រួមទាំងអង្គការជាតិ អន្តរជាតិផ្សេងទៀត ប្រមាណជាង១០០ នាក់ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ អ៊ុំ សុថា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
អង្គសិក្ខាសាលា មានគោលបំណងបង្ហាញឲ្យគ្រប់ភាគិពាក់ព័ន្ធទាំងអស់ ពិសេសប្រតិបត្តិករទឹកស្អាតខ្នាតតូច យល់ដឹងអំពីកម្រងឯកសារបទដ្ឋាមបច្ចេកទេសអប្បរមាសម្រាប់ប្រព័ន្ធទឹកស្អាតខ្នាតតូចដែលរួមមាន១-គោលការណ៌ណែនាំទូទៅ ដែលអធិប្បាយអំពីការរៀបចំការសិក្សាសមិទ្ធលទ្ធភាព ការរចនាប្លង់លម្អិតនិងការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ ( ដោយរាប់ចាបតាំងពីប្រភពទឹក ការប្រព្រឹត្តិកម្មសម្អាតទឹក និងការចែកចាយទឹកដល់ខ្នងផ្ទះប្រជាពលរដ្ឋ )២-សៀវភៅណែនាំ សម្រាប់សាងសង់ប្រព័ន្ធផលិតកម្ម សមត្ថភាព ចាប់ពី ១៥ ម៉ែត្រត្រីគុណ រហូតដល់ ១០០ ម៉ែត្រត្រីគុណ ក្នុង១ ម៉ោង និងលក្ខខណ្ឌយោងសម្រាប់សម្រាប់ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនពិគ្រោះយោបល់ ៣-សូចនាករសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព សូចនាករសម្រាប់ការសិក្សាប្លង់លម្អិត និងបទដ្ឋានសម្រាប់ការងារសាងសង់ និងការកប់បណ្តាញទឹក ។ កម្រងឯកសារបទដ្ឋានបច្ចេកទេសនេះ គឺបានជួយបំពេញបន្ថែមនូវបណ្តុំឯកសារបទដ្ឋានគតិយុត្តដទៃទៀត ដែលក្រសួងបានខិតខំកសាងនាពេលកន្លងមក ឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងបំណងធ្វើឲ្យប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំវិស័យទឹកស្អាតនៅកម្ពុជា កាន់តែល្អប្រសើរ ។
មានប្រសាសន៍បើកសិក្ខាសាលានាឱកាសនោះ លោករដ្ឋលេខាធិការ អ៊ុំ សុថា បានបញ្ជាក់ថា៖ តាមរយៈអង្គសិក្ខាសាលានាថ្ងៃនេះ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះទៅប្រតិបត្តិទឹកស្អាតឯកជននឹងមានមូលដ្ឋានបច្ចេកទេសមួយដ៏រឹងមាំសម្រាប់ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានកំណត់ ដោយគ្មានការថតចម្លងប្រព័ន្ធផលិតកម្មពីគ្នាដោយខ្វះមូលដ្ឋានបច្ចេកទេសទៀតឡើយ ។ លោកជឿជាក់ថា កត្តានេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពវិនិយោគ កាត់បន្ថយថ្ងៃដើមផលិតកម្មទឹកស្អាត ក៏ដូចជាធានាបាននូវគុណទឹកសម្រាប់ការផ្គត់ផ្គង់អនុលោមតាមស្តង់ដារកំណត់ មានសុវត្ថិភាព និងធានាបាននូវសុទិដ្ឋិនិយមសម្រាប់យើងទាំងអស់គ្នា ក្នុងការសម្រេចបាននូវគោលដៅឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយ ជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន ។
ចាត់ទុកជាការប្រកាសផ្លូវការ លោក រដ្ឋលេខាធិការ បានបញ្ជាក់ថាចាប់ពីថ្ងៃនេះទៅ រហូតដល់ពាក់កណ្តាលឆ្នាំនេះ ក្រសួងមិនអនុញ្ញាតឲ្យមានប្រតិបត្តិករទឹកស្អាត នៅក្រៅរង្វង់ច្បាប់ទៀតទេ ។ ដោយឡែក មន្ទីរឧស្សាហកម្ម និងសិប្បកម្ម នៅតាមបណ្តាខេត្តខេត្ត ត្រូវមានភារកិច្ច ពិនិត្យមើលប្រភពទឹកដែលមានសក្តានុពល និងវាយតម្លៃពីតម្រូវការ ក៏ដូចជាភាពប្រឈមនានាទាក់ទងនិងការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួង ពិនិត្យពិចារណា ដោះស្រាយនៅចំពោះមុខ ៕