ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកតាអាចារ្យ វ័យ៨១ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តសាលា Bridgeton បុកស្លាប់ទាំងព្រឹក

392


ខេត្តកណ្តាល៖ លោកតាអាចារ្យ វ័យ៨១ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ទាំងព្រឹក គួរឲ្យអាសូរពន់ពេក ដែលករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ កើតហេតុនៅថ្ងៃអង្គារ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី នៅចំណុចផ្លូវលេខ២១​ ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង​ ខេត្តកណ្តាល ។

សេនាធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា មានរថយន្ត​ម៉ាកសាំយ៉ុង ពណ៌ស-បៃតង​ មានបិទស្លាកសាលារៀន Bridgeton English School ពាក់ស្លាកលេខ ភ្នំពេញ2K-9058 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បានបើករថយន្តក្នុងទិសដៅពីត្បូងមកជើង(ជ្រៃធំ-តាខ្មៅ) ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយឈ្មោះវណ្ណ ជ័យ ភេទប្រុស អាយុ៨១ឆ្នាំ មុខរបរ ជាអាចារ្យការ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងជិះកង់ស្របទិសគ្នា ពីត្បូងមកជើង ហើយបត់ឆ្វេងឆ្លងផ្លូវពីកើត មកលិច ធ្វើឲ្យរថយន្តគេចមិនទាន់ ក៏បុកបណ្ដាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់ពីសមត្ថកិច្ច ធ្វើការពិនិត្យ និងវាស់វែងទីកន្លែងកើតហេតុរួច ក៏បានយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។

នគរបាលស្រុកស្អាង បានសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្ត និងអ្នកជិះកង់ បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នដូចគ្នា ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង ៕

អត្ថបទដែលជាប់ទាក់ទង