អភិបាលរាជធានីភ្នំពេញ ជម្រុញអោយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធស្តារ និងកាយពង្រីកប្រឡាយបង្ហូរទឹក ខណៈភ្លៀងយ៉ាងគំហុករយៈពេលប៉ុន្មានថ្ងៃនេះ
ភ្នំពេញ៖ បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង វាជាកង្វល់ដ៏ធំមួយរបស់អាជ្ញាធររាជធានី ហើយដើម្បីដោះស្រាយនូវកង្វល់នេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានដាក់ចេញជាផែនការជា
អត្ថិភាព អោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ សង្កាត់ ចុះធ្វើកិច្ចការងារនេះ សំដៅធ្វើយ៉ាងណាដោះស្រាយបញ្ហាលិចលង់នេះអោយបានប្រសើរឡើង។
នាប៉ុន្មានថ្ងៃជាប់គ្នានេះទឹកភ្លៀងបានធ្លាក់
យ៉ាងគំហុក បានធ្វើអោយតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញទទួលរងការលិចលង់ ។ ក្នុងស្ថានភាពបែបនេះលោកឃួង ស្រេងបានដាក់ចេញជាផែនការ ដោយអោយមន្ទីរជំនាញនិងអាជ្ញាធរចុះផ្ទាល់ ដើម្បីកាយរំដោះទឹកកុំអោយលិចលង់។
ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៨ មិថុនានេះ ពោលគឺក្រោយបញ្ចប់កម្មវិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី អោយមានសេចក្តីសុខតាមបែបសាសនា ក្នុងដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ លោកឃួង ស្រេងបានបន្តដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះទៅពិនិត្យមើលស្ថានីយបូមទឹកកប់ស្រូវ និងបន្តដំណើរមកមើលសកម្មភាពជីក ស្តារ កាយប្រឡាយមេមួយខ្សែនៅក្នុងខណ្ឌឬស្សីកែវ ប្រមាណ២គីទ្បូរមែត្រទំហំ៦មែត្រ ដោយចាប់ពីផ្លូវជាតិ៥ដល់មុខហ្គ្រែនភ្នំពេញបន្តទៀត ។
លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវបានបញ្ជាក់ថា តបតាមបញ្ជាដឹកនាំរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអោយរដ្ឋបាលខណ្ឌឬស្សីកែវ សហការជាមួយមន្ទីធនធានទឹករាជធានីភ្នំពេញ ចុះស្ដារប្រឡាយមេមួយខ្សែរប្រមាណ២ គីទ្បូរមែត្រ ដែលមានទំហំ៦មែត្រ ដោយចាប់ពីផ្លូវជាតិ៥ដល់មុខហ្គ្រែនភ្នំពេញ ដើម្បីរំដោះការលិចលង់ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោកឃួង ស្រេងក៏បានជម្រុញអោយមន្ទីរនិងអាជ្ញាធរខណ្ឌដាក់បន្ថែមគ្រឿងចក្រ សំដៅធ្វើយ៉ាងណា ដោះស្រាយការងារនេះអោយបានលឿននិងទាន់ពេលវេលា។
គួរបញ្ជាក់ដែរថា កន្លងមកនេះក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។
តំបន់លិចទឹកទាំង៥កន្លែងដែលត្រូវដោះស្រាយនេះរួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។
ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។
ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបាន
ដាក់ចេញជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាត
ធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង
៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕