ការប្រើប្រាស់កម្លាំង ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដូចជា បញ្ហាដីធ្លី មិនអាចយកកម្លាំងទាហ៊ានទៅអនុវត្តន៍ច្បាប់បានឡើយ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សំខាន់ជាច្រើនដូចជា ក្រសួងមហាផ្ទៃ នឹងបង្កើនថវិកាដល់ឃុំសង្កាត់ដើម្បីធ្វើការអភិវឌ្ឍន៍ដោយផ្ទាល់ ។ នៅឆ្នាំ២០២០ នឹងទទួលបាន៧៣.០០០ដុល្លាអាមេរិក
និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ អត្តសញ្ញាណប័ណ្ណបានធ្វើឲ្យពលរដ្ឋបានចំនួន១០លាន៩សែន។ ការប្រើប្រាស់កម្លាំង ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដូចជា បញ្ហាដីធ្លី មិនអាចយកកម្លាំងទាហ៊ានទៅអនុវត្តន៍ច្បាប់បានឡើយ។ គ្រប់ខេត្តក្រុង ពេលដោះស្រាយរាល់បញ្ហា ត្រូវយកច្បាប់ជាធំមកដោះស្រាយ ហើយមិនមែនអ្នកប្រព្រឹត្ត ខុសទៅប្រើហិង្សាបាញ់បោះឡើយ។ បញ្ហាធំ យើងត្រូវបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋ យើងជាអាជ្ញាធររដ្ឋ ត្រូវបម្រើពលរដ្ឋទូទៅ មិនមែនបម្រើតែក្រុមណាមួយឡើយ។ ប្រធាននាយកដ្ឋាន ឬមន្រ្តីផ្សេងៗត្រូវដឹងពីតួនាទីខ្លួន ហើយត្រូវជាមន្រ្តីមុខងារសាធារណៈឲ្យច្បាស់ និងមានជំនាញ។ អ្វីដែលសារព័ត៌មានផ្សាយប៉ះពាល់អង្គភាពខ្លួនតាំងពីរឿងតូចរហូតដល់រឿងធំ ត្រូវតែបកស្រាយឲ្យបានលឿន។ ការដកមន្រ្តី ឬអភិបាលខេត្ត ត្រូវឈរលើហេតុផលឲ្យជាក់លាក់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្រ្កាបចោរប្លន់បានលឿន ហើយមន្រ្តីនគរបាលមូលដ្ឋានរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការសន្តិសុខ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍កោតសរសើរ មន្ត្រីក្រោមឱវាទទាំងអស់ ដែលបានប្រឹងប្រែងខ្លាំងក្លាក្នុងកិច្ចការជួយរៀប សណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ។ សម្តេចក្រឡាហោមសខេង បានមានប្រសាសន៍ កត់សម្គាល់នូវស្នាដៃបង្ក្រាបបទល្មើសជាច្រើន រួមនឹងការរៀបចំសណ្តាប់ធ្នាប់សន្តិសុខនានា ជាច្រើន ថែមទៀត កាលពីឆ្នាំ២០១៨កន្លងមក។ បទល្មើសព្រហ្មទណ្ឌបើទោះបីមានការកើនឡើង ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបជាង៨៧ភាគរយ ។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ចំណែកគ្រោះថ្នាក់ចរាចរណ៍ បើទោះបីបានធ្វើឲ្យមនុស្សស្លាប់១.៧០០នាក់ ប៉ុន្តែតួលេខនេះ បានបង្ហាញការថយ៧ភាគរយ ក្នុងនោះចំនួនមនុស្សស្លាប់ បានថយ១ភាគរយ និងចំនួនមនុស្សរងរបួសបានថយប្រមាណ១៤ភាគរយ គ្រាដែលបញ្ហាគ្រឿងញៀន ត្រូវសមត្ថកិច្ច បានបង្ក្រាបជាង ៥០០គីឡូក្រាមក្នុងឆ្នាំ២០១៨កន្លងមក។
សម្តេចក្រឡាហោមសខេង បានមានប្រសាសន៍កត់សម្គាល់ថា “ទោះបីសភាពការណ៍នៅលើសកលលោកមានការប្រែប្រួល ស្មុគស្មាញយ៉ាងណាក៏ដោយ ទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សន្តិសុខ ការគម្រាមកំហែងភេវរកម្មជាដើម ប៉ុន្តែកម្ពុជារបស់យើង នៅតែបន្តរក្សាបាននូវសន្តិភាព នូវស្ថិរភាព នយោបាយ នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយយើងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដី យ៉ាងគត់មត់”។
សម្តេចក្រឡាហោមសខេង បានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០១៨កន្លងមកនេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយកំណែ ទម្រង់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣នៃរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា និងជាឆ្នាំចាប់ផ្តើម របស់រាជរដ្ឋាភិបាលសម្រាប់នីតិ កាលទី៦ផងដែរ។ ហេតុនេះ សន្និបាតរបស់យើងនាពេលនេះ ពិតជាមានអត្ថន័យ មានសារសំខាន់ គឺជាឱកាស ដែលយើងទាំងអស់គ្នានឹងធ្វើការវាយតម្លៃ អំពីលទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេច បាននិងរួមគ្នាដើម្បី ពិនិត្យនិងវាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅសេសសល់សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅអនុវត្តឆ្នាំ ២០១៩ក្នុងក្របខណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៥អោយកាន់តែ មានប្រសិទ្ធភាពថែមទៀត”។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស ជំរុញឲ្យអាជ្ញាធរសមត្ថកិច្ច ពង្រឹងការអនុវត្តយន្តការភូមិឃុំមានសុវត្ថិភាពឡើងវិញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ហាអន្តោប្រវេសន៍ ការគ្រប់គ្រងធនធានធម្មជាតិ ដោះស្រាយជម្លោះនានា ពិសេសជំនាស់ដីធ្លី។
សម្តេចក្រឡាហោម ស ខេង បានលើកយកករណីចោរប្លន់ នៅផ្លូវចន្លោះពីស្ពានសំរោង តាខ្មៅ ក្នុងទឹកដីរាជធានីភ្នំពេញ មកព្រំប្រទល់ខេត្តកណ្តាល ដែលជាផ្លូវទៅកាន់ទីលានវាយកូនហ្គោលថ្មីមួយ នៅកោះក្របី ដែលសម្តេច ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំមួយចំនួនទៀត ធ្លាប់ទៅទីនោះ។ តែតាមផ្លូវនោះ មានចោរប្លន់អ្នកអូសរម៉កតាមផ្លូវ។ សម្តេចក្រឡាហោម ស ខេង បានប្រាប់ទៅស្នងការរាជធានីភ្នំពេញ ឲ្យទៅមើលរឿងនេះ ហើយលឺថា ចាប់បានហើយ តែនៅសល់ ៣នាក់ទៀត។ ក្រុមចោរនោះ ប្រើប្រាស់កាំភ្លើងជ័រ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា “ដូច្នេះ មូលដ្ឋានយើង ភ្លេចខ្លួនដែរ មិនបានយកចិត្តទុកដាក់ធ្វើ។ ដូច្នេះត្រូវបន្តទៅទៀត យន្តការមានហើយ នាំគ្នាប្រជុំវេទិកាសាធារណៈ នាំគ្នាដេញអាចោរទាំងនោះ”។
សម្តេចក្រឡោហោម ស ខេង ក៏បានជំរុញឲ្យអាជ្ញាធរសមត្ថកិច្ច បន្តយកចិត្តទុកដាក់ពង្រឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏នៅមានបញ្ហា ដែលយើងត្រូវបន្តធ្វើ។ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ហាអន្តោប្រវេសន៍ ការគ្រប់គ្រងធនធានធម្មជាតិ ដោះស្រាយជម្លោះនានា ពិសេសជំនាស់ដីធ្លី ក៏សុទ្ធតែជាបញ្ហាប្រឈម ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដោះស្រាយ៕