ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលចរាចរផ្លូវគោកមួយចំនួន នៅតែប្រើឥរិយាបទ មិនគាប់ភ្នែកមើល លើការពួនស្ទាក់ ចាប់ម៉ូតូ,ឡាននៅតាមដងផ្លូវសាធារណៈ

344

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមួយចំនួន នៅតែប្រើឥរិយាបទមិនសមរម្យចំពោះសកម្មភាព ពួនស្ទាក់ចាប់ម៉ូតូ,ឡាននៅតាមដងផ្លូវសាធារណៈ បង្កមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដែលសកម្មភាពមិនប្រក្រតីនេះ គួរតែកែប្រែឡើងវិញ។

   នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣កុម្ភៈ ២០១៩នេះ ក្រោមវត្តមានលោកជូប ខុន ជាប្រធានកិច្ចប្រជុំ តំណាងអោយលោកម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានី។

   សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា  កន្លងមកនេះឥរិយាបទរបស់សមត្ថកិច្ចនគរបាលចរាចរផ្លូវគោកមួយចំនួនមិនសមរម្យទេ ដោយ បានពួនស្ទាក់ចាប់ម៉ូតូ,ឡានឃ្លាតឆ្ងាយពីផ្លូវខ្វែងឬភ្លើងស្តុប ដែលបានបង្កគ្រោះថ្នាក់នៅពេលអ្នកធ្វើដំណើរ ភ្ញាក់នឹងបុគ្គលនគរបាលមួយចំនួន ដែលចេញទៅពួនស្ទាក់ចាប់នេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី១២កុម្ភះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏មានការប្រជុំផ្សព្វផ្សាយដាក់ផែនការហាមពួនស្ទាក់ចាប់ម៉ូតូ.ឡាននៅចំណុចស្តុបនិមួយៗនេះដែរ។     

   មន្ត្រីជំនាញបានបញ្ជាក់ថា នៅពេលស្តុបពណ៏ក្រហម អ្នកធ្វើដំណើរអាចបត់ស្តាំបានបើសិនគ្មានឧបសគ្គនៅពីមុខ។

   ក្នុងកិច្ចប្រជុំដដែរនោះលោកជូប ខុន ក្នុងនាមប្រធានកិច្ចប្រជុំបានលើកឡើងថា  បញ្ហាសំរាមនៅខណ្ឌទួលគោកនៅតែ ជាការបង្កជាបញ្ហាដល់ប្រជាពលរដ្ឋខឹងសម្បា ព្រោះថា យ៉ាងហោចណាស់ក៏រយះពេល២សប្តាហ៏ដែរទើបក្រុមហ៊ុនស៊ីនទ្រីមកយកម្តង។យើងមិនដឹងថា តើក្រុមហ៊ុនស៊ីនទ្រីមាន បញ្ហាអ្វីខ្លះនោះទេ។គ្រប់ វេទិកាសាធារណៈប្រជាពលរដ្ឋតែងបានលើកឡើងពីរឿងសំរាមនេះដដែលៗ តែ ការដោះស្រាយហាក់ដូចជាគ្មានប្រសិទ្ធភាព។

   លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានជជែកគ្នាជាមួយក្រុមហ៊ុនស៊ីនទ្រី ថា៤ខណ្ឌកណ្តាលក្រុងត្រូវប្រមូលសំរាម១ថ្ងៃម្តង,ចំណែកខណ្ឌជាយក្រុងប្រ មូល២ថ្ងៃម្តង។ក្រុមហ៊ុនស៊ីនទ្រីតែងលើកឡើង ពីមូលហេតុឡានដឹកសំរាមខូច, ការស្ទះនៅចំណុចទីលានចាក់សំរាម,ប្រជាពលរដ្ឋជំពាក់ថ្លៃប្រមូលសំរាមជាដើម ។ លោកថ្លែងថា សូម្បីថ្នាក់ជាតិក៏បង្ហាញពីក្តីកង្វល់រឿងសំរាមនេះដែរ និងបានរៀបចំ ក្រុមធ្វើអធិការកិច្ចចំណូលរបស់ក្រុមហ៊ុនស៊ីនទ្រី។តែក្រុមហ៊ុនស៊ីនទ្រី មិនបានផ្តល់របាយការណ៏ជូនក្រុមការងារអធិការកិច្ចនោះឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង