ពូជស្រូវថ្មីដែលដាំក្នុងទឹកប្រៃអាចផ្គត់ផ្គង់មនុស្សបាន ២00លាននាក់
ប្រទេសចំណាស់ ប៉ុន្តែវិធីសាស្ត្រថ្មីប្រជាជនជាងពាក់កណ្តាលនៅលើពិភពលោក ពឹងផ្អែកលើដំណាំស្រូវ ប៉ុន្តែការបំពេញតម្រូវការស្រូវដ៏ច្រើនលើសលប់ កំពុងជួបការលំបាក ដោយសារតែកង្វះទឹកសាបសម្រាប់បង្កបង្កើនផល។ ដើម្បីដោះស្រាយបញ្ហានេះ លោក Yuan Longping អ្នកវិទ្យាសាស្ត្រចិន វ័យ ៨៧ឆ្នាំ បានបង្កើតពូជស្រូវថ្មីសម្រាប់ដាំនៅនៅក្នុងទឹកប្រៃ ដោយផ្តល់ទិន្នផលខ្ពស់។
ទឹកសើម ល្បប់ភក់ និងទឹកប្រៃដែលមានលក្ខណៈភក់ៗ មានប្រហែលមួយភាគបីនៃផ្ទៃដីបង្កបង្កើនផលនៅប្រទេសចិន។ ការដាំស្រូវនៅលើដីទាំងនេះ ស្ទើរតែមិនអាចធ្វើទៅរួចឡើយ ដោយសារអំបិលបង្អាក់ដំណើរការស្រូបយកជាតិទឹករបស់រុក្ខជាតិ។
៤0ភាគរយនៃផ្ទៃដីដាំដុះនៅប្រទេសចិន មានកំហាប់អំបិលខ្ពស់ជាង 0,៥ភាគរយ បើយោងតាមធនាគារពិភពលោក។ អ្នកជំនាញ រំពឹងថា បម្រែបម្រួលអាកាសធាតុ នឹងធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងៗ។
ដោយសារតែបញ្ហានេះ លោក Longping បានធ្វើការស្រាវជ្រាវបង្កើតពូជស្រូវថ្មីដែលអាចធននឹងទឹកប្រៃបាន នៅមជ្ឈមណ្ឌល Quinda សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំស្រូវធន់នឹងទឹកអំបិល នៅសមុទ្រលឿង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ស្រូវប្រភេទនេះ ផ្តល់ទិន្នផលបានចំនួន ៨.0៣0ផោនក្នុងមួយអារ ខ្ពស់ជាងទិន្នផលស្រូវនៅសហរដ្ឋអាមេរិក ដែលបានត្រឹមតែ ៧.២00-៧.៦00ផោនប៉ុណ្ណោះក្នុងមួយអារ។
ទោះបីជាការពិសោធន៍នេះផ្តល់លទ្ធផលគួរជាទីរំពឹងទុកក៏ដោយ ប៉ុន្តែវាមិនទាន់អាចសម្រេចបានលទ្ធផល១00ភាគរយនៅឡើយទេ។
ម្ហូបអាហារនាពេលអនាគត
ចិនជាប្រទេសដែលផលិតស្រូវច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោកនេះ ប៉ុន្តែប្រសិនបើកសិករចិនអាចដាំស្រូវនៅក្នុងទឹកប្រៃបាន នោះពួកគេអាចបង្កើនការផ្គត់ផ្គង់ម្ហូបអាហារបានកាន់តែច្រើន។
ពូជស្រូវដែលពិសោធន៍ដោយលោក Longping ក៏អាចយកទៅដាំនៅក្នុងទឹកសាបបានផងដែរ។ ការស្រាវជ្រាវរបស់លោក Longping ទទួលបានលទ្ធផលស្របពេលដែលកសិករចិនកំពុងជួបស្ថានភាពមិនអំណោយផល ដែលអាចបង្ហាញដល់កសិករនាពេលអនាគត ក្នុងការដោះស្រាយបញ្ហាកង្វះម្ហូបអាហារ នៅពេលដីដាំដំណាំត្រូវលិចលង់ ហើយកំហាប់អំបិលកើនឡើង។