ចុះធ្វើអនាម័យសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមតាមដងវិថី និងបរិវេណខាងក្នុង និងខាងក្រៅវិមានឈ្នះឈ្នះ ខណៈវិមានឈ្នះឈ្នះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លា







មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា សម្រាប់ថ្ងៃទី១៣ កុម្ភៈ ២០១៩នេះ កម្លាំងកម្មករក្រុមហ៊ុន ប្រមូលសំរាមស៊ិន ទ្រី បានធ្វើសកម្មភាពសម្អាត អនាម័យ ដោយប្រមូល និងដឹកជញ្ជូនសំរាមតាមដងវិថី និងបរិវេណខាងក្នុង និងខាងក្រៅនៃវិមានឈ្នះឈ្នះឱ្យស្អាតជាប្រចាំ ហើយការធ្វើសកម្មភាពនេះ គឺក្នុងគោលបំណងសំខាន់ដូចខាងក្រោម៖
១- ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកចូលទស្សនាជារៀងរាល់ថ្ងៃ ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
២- វិមានឈ្នះឈ្នះ នាពេលបច្ចុប្បន្នក៏បានក្លាយជាគោលដៅទេសចរណ៍ និងកន្លែងលំហែកាយនាពេលល្ងាចជារៀងរាល់ថ្ងៃសម្រាប់ប្រជាពលរដ្ឋដែលមានចំនួនប្រហែលពី ២០០ ទៅ ៣០០ នាក់ និងថ្ងៃបុណ្យទាន ប្រហែលពី ២០០០ ទៅ ៥០០០ នាក់ (ចូលឆ្នាំចិនកន្លងទៅ) ដែលអាចជួយកាត់បន្ថយការកាកស្ទះនៃតំបន់កំសាន្តនានានៅកណ្តាលរាជធានីភ្នំពេញ។
មន្ត្រីដដែលបានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូន បានរៀបចំបុគ្គលិកចំនួន ២០នាក់ ដើម្បីប្រចាំការមើលថែសួន ស្រោចដើមឈើ សម្អាតបង្គន់អនាម័យ និងមើលអំពូលភ្លើងជាប្រចាំថ្ងៃ។ ចំណែករដ្ឋបាលខណ្ឌជ្រោយចង្វារ ត្រូវទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសហការជាមួយក្រុមហ៊ុនស៊ីនទ្រីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមជាប្រចាំថ្ងៃ។
គួររំលឹងថា កាលពីរសៀលថ្ងៃទី១២ កុម្ភៈ ២០១៩ ក្នុងកិច្ចប្រជុំស្ដីពីសម្រួលការងារក្នុងបរិវេណវិមានឈ្នះ ឈ្នះ នៅសាលារាជធានីភ្នំពេញលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើអោយមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌជ្រោយចង្វារួមគ្នាថែរក្សាអោយបានស្អាត ពិេសសបញ្ហាសម្រាមនៅក្រៅនិងខាងក្នុងវិមានឈ្នះឈ្នះ ហើយជាងនេះទៅទៀត អាជ្ញាធរខណ្ឌជ្រោយចង្វាក៏ត្រូវពង្រឹងបន្ថែមលើបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋដែលទៅលេងកំសាន្តនៅវិមានឈ្នះ ឈ្នះនេះដែរ។
គួរបញ្ជាក់ថា វិមានឈ្នះឈ្នះបានរៀបចំឡើងនៅចម្លាក់ ស្តីពីទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងចម្លាក់ដំណើរជាតិកម្ពុជានាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។
គួរបញ្ជាក់ទៀតដែរថា វិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមានចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕