លោក ឯក ស៊ុន រស្មី ដោះលែង ឳពុក ដែលលើកដៃ វាយប្រហារកូន បង្កើត ស្លាប់ ជនសង្ស័យជាឪពុកមានវ័យចាស់ ហើយចម្លើយរបស់ជនសង្ស័យដែលវាយកូនប្រុសបង្កើតខ្លួនឯង ពុំមានចេតនាសម្លាប់
កណ្តាល ៖លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង អម សាលា ដំបូង ខេត្ត កណ្ដាលបាន ថ្លែងនៅ រសៀល ថ្ងៃ ទី ១៣ ខែ កុម្ភៈ នេះ ថា តុលាការ អនុញ្ញាត ឱ្យ ជនសង្ស័យ ឈ្មោះ ផង់ ជាង អាយុ ៦៨ឆ្នាំ ត្រឡប់ ទៅ វិញ ក្នុងករណីសំណុំរឿង ឪពុកខឹង កូន ស្រវឹង ស្រា ដៀល ជេរ ឈាន ដល់ ការ វៃ មុន ធ្វើ ឱ្យ ឳពុក មាន គំនុំ គុំកួន រហូត លបវាយកូនស្លាប់។
លោក ឯក ស៊ុន រស្មី បន្តថា ឳពុក ទាំង ឡាយ គ្មាន ចេតនា សម្លាប់ កូន បង្កើត ទេ ។ ការ ឈ្លានពាន របស់ កូន លេី ឳពុក និង ក្រុម គ្រួសារ ច្រើន ដង ពេក ។ យក ជនសង្ស័យ មក ឃុំ ក៏ ពុំ បាន ផល ចំណេញ អ្វី ដែរ ដោយ គាត់ អាយុ ៦៨ឆ្នាំ ទៅ ហើយ និងទោះ បី ជនសង្ស័យ នៅ ក្រៅ ឃុំ ក៏ មិន ប៉ះពាល់ នីតិវិធី ដែរ ។ បេី ទោះ បី ជា ជនសង្ស័យ ត្រូវ បាន ដោះលែង មែន តែ នីតិវិធី នៅ បន្ត ដដែល ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចឱ្យជនសង្ស័យជាឪពុកដែលបានជ្រុលដៃវាយកូនប្រុសបង្កើត បណ្តាលឱ្យស្លាប់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីនគរបាលបញ្ជូនមកកាន់សាលាដំបូង កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកព្រះរាជអាជ្ញារងបានប្រាប់ឱ្យដឹងថា ដោយយល់ឃើញថា ជនសង្ស័យជាឪពុកមានវ័យចាស់ ហើយចម្លើយរបស់ជនសង្ស័យដែលវាយកូនប្រុសបង្កើតខ្លួនឯង ពុំមានចេតនាសម្លាប់ ដោយគ្រាន់តែព្រមាន ហើយជនរងគ្រោះជាអ្នកបង្ករឿងជេរប្រមាថ និងវាយឪពុក ម្តាយ បងប្អូនជាញឹកញាប់ និងជាយូរណាស់មកហើយ និងយោងតាមសាក្សីដែលជាបងប្អូនបង្កើត បងប្អូនសាច់ថ្លៃ និងម្តាយរបស់ជនរងគ្រោះ បានអះអាងថា ជនរងគ្រោះជាកូន ជាមនុស្សប្រមឹកស្រា តែងតែជេរមើលងាយ និងវាយឪពុកជារឿយៗ ទើបបានជាសម្រេចដោះលែងឱ្យជនសង្ស័យជាឪពុកនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។
តាមប្រភពពីអ្នកស្រី ផង់ ស្រីនាង ដែលត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានអះអាងថា បងប្រុសរបស់គាត់ជាមនុស្សផឹកស្រាស្រវឹង និងរករឿងក្រុមគ្រួសារ ព្រមទាំងឪពុកម្តាយជារៀងរាល់ថ្ងៃ និងច្រើនឆ្នាំមកហើយ។ សូម្បីតែប្រពន្ធក៏មិនអាចរស់នៅជាមួយបានដែរ និងបានលែងលះគ្នាជាង២ឆ្នាំមកហើយ ហើយម្តាយក៏មិនហ៊ាននៅផ្ទះជាមួយដែរ គឺទៅនៅជាមួយកូនដទៃទៀត ។
នៅក្នុងផ្ទះកើតហេតុមានតែឪពុករបស់គាត់ និងបងប្រុសប្រមឹក(ជនរងគ្រោះ) ព្រមទាំងក្មួយស្រីប៉ុណ្ណោះ ហើយឱ្យតែស្រវឹងស្រាម្តងៗ បងប្រុសរបស់គាត់បានរករឿងជេរប្រមាថ ប្រើអំពើហិង្សាទៅលើឪពុកជារឿយៗផងដែរ ហើយឪពុកតែងតែរត់គេចជានិច្ច និងពេលខ្លះបងប្រុសរបស់គាត់យកចានវាយក្បាលឪពុកថែមទៀតផង។
អ្នកស្រី ផង់ ស្រីនាង បានបញ្ជាក់បន្តថា ឪពុករបស់គាត់ជាមនុស្សស្លូតណាស់ ហើយឪពុកវាយបងប្រុសរបស់គាត់នេះ ក៏មិនមានបំណងសម្លាប់ដែរ គ្រាន់តែព្រមានតែប៉ុណ្ណោះ ទើបបានជាពួកគាត់ជាកូនទាំង៤នាក់ និងកូនប្រសារ ព្រមទាំងម្តាយ នាំគ្នាមកអង្វរសុំឱ្យតុលាការសម្រាលទោស និងធ្វើការដោះលែងទោស ហើយនៅពេលដែលតុលាការសម្រេចឱ្យឪពុកនៅក្រៅឃុំដូច្នេះ ពួកគាត់ពិតជាត្រេកអររកអ្វីមកប្រៀបប្រដូចពុំបាននោះទេ ព្រោះឪពុករបស់គាត់កាន់តែចាស់ និងមានជំងឺថែមទៀតផង ។ ពួកគាត់ទាំងអស់គ្នាលើកម្រាមដៃដប់ទាំងទឹកភ្នែករលីងរលោងនិយាយថា ពិតជាយុត្តិធម៌ចំពោះចំណាត់ការរបស់ស្ថាប័នតុលាការ។
អំពើ ឃាតកម្ម នេះ កើត ឡើង នៅ ថ្ងៃទី ១១ ខែ កុម្ភៈ ចំណុច ក្រោមផ្ទះជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
របាយការណ៍ នគរបាល ខេត្ត កណ្ដាល បង្ហាញ ថា ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ មានប្រពន្ធកូន២នាក់ស្រី ហើយ
បានលែងលះគ្នាជាង២ឆ្នាំមកហើយ ដោយមិនអាចទ្រាំរស់ជាមួយប្ដីបាន ។
តាមរយៈកិច្ចប្រតិបត្តិការ បើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងសកម្មភ្លាមៗ មន្ត្រីជំនាញ បច្ចេកទេស និងវិទ្យាសាស្ត្រ រួមជាមួយមន្ត្រីជំនាញ ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះពិនិត្យនៅកន្លែងកើតហេតុពិនិត្យសព ចាប់យកវត្ថុតាងបន្សល់ទុក នៅកន្លែងកើតហេតុនិងបានប្រមូលប្រភពព័ត៌មានពីប្រជាពលរដ្ឋ ជុំវិញទីកន្លែងកើតហេតុសមត្ថកិច្ចបានឈានដល់ការកំណត់បាន មុខសញ្ញាជនសង្ស័យ ជាឃាតករ ពាក់ព័ន្ធករណីឃាតកម្មនេះ ។
ជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ៦៨ឆ្នាំមុខរបរ កសិករ មានទីលំនៅស្នាក់នៅជាមួយជនរងគ្រោះ ត្រូវជាឪពុកបង្កើតជនរងគ្រោះ។
វត្ថុតាងចាប់យក ដំបងដែកបួនជ្រុងប្រហោងក្នុង មានប្រឡាក់ឈាម ។ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និង ខោខ្លីប្រភេទកីឡាពណ៌ទឹកដោះ គោ មានឆ្នូត ចំហៀង៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើ សកម្មភាព។
ស្ថានភាពសពជនរងគ្រោះសភាពសព ដេកផ្កាប់មុខក្បាលបែរទៅទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ មានស្នាមរបួសលើថ្ងាសចំហៀងខាងស្តាំ៦កន្លែងផុងបែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ ។
សភាពនៃរឿងហេតុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១៨៖០០នាទី ជនសង្ស័យ ឈ្មោះ ផង់ ជាង បានទៅហូបការគេជាមួយចៅស្រីអាយុ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់២កំប៉ុង រហូតដល់ម៉ោង ២០៖១០នាទី ទើបត្រឡប់មកផ្ទះវិញដោះតែខោ មិនបានដោះអាវទេគឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លីចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។
ពេលកំពុងដេកនៅវេលាម៉ោងប្រហែល ២៖០០នាទី រំលងអធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យជាឪពុក ជនសង្ស័យបានតបវិញថា ឡូឡាអីថ្មើរនឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ។
ឆ្លៀតជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ រហូតព្រឹកឡើងមានការភ្ញាក់ផ្អើល ទើបដឹងពីហេតុការណ៍ថាជនរង គ្រោះស្លាប់នៅក្រោមផ្ទះតែម្តង ៕