វ៉ាន់ វឿននឹងបន្តឈ្នះ ឯ សេន កុសលរង់ចាំប្រកួតចប់
ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៦កុម្ភៈអ្នកប្រដាល់កម្ពុជាវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃប្រាកាយ ផាត(Phrakay phat) ។
សម្រាប់ការប្រកួតមួយនេះនរណាក៏មានជំនឿចិត្តថាវ៉ាន់ វឿននឹងឈ្នះដែរ ព្រោះ២ប្រកួតរបស់គេសុទ្ធតែឈ្នះដោយវ៉ៃគូប្រកួតឲ្យសន្លប់ទាំង២ប្រកួត ។ចំពោះអ្នកប្រដាល់ថៃរូបនេះវិញ២ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ។
វ៉ាន់ វឿនជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី ។អ្នកប្រដាល់រូបនេះវ៉ៃល្អជាមួយអ្នកប្រដាល់បរទេស ។ជង្គង់ កណ្ដាប់ដៃ ទាត់ កែងគឺជាអាវុធដែលគេប្រើមានប្រសិទ្ធិភាពខ្លាំងណាស់ហើយការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពទៀតផង ។គេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៧ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។
ចំពោះប្រាកាយ ផាតក៏មិនខ្សោយដែរតែសមត្ថភាពរបស់គេមិនដល់វ៉ាន់ វឿនឡើយ ។ ទោះបីគេទាត់បានល្អធ្ងន់ និងពូកែការពារក៏ពិតមែនតែកែង និង ភាពរហ័សរហួនរបស់គេមានកម្រិតទាបជាងវ៉ាន់ វឿន ។ អ្នកប្រដាល់ថៃ
រូបនេះមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៨ដង ចាញ់៧ដង ។គេជឿថាវ៉ាន់ វឿន និងបន្តឈ្នះនៅក្នុងការប្រកួតលើកទី៣របស់ខ្លួនទៀតជាមិនខាន ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរត្រូវជួបជាមួយអ្នកប្រដាល់ចិត្តធំថៃបាន់ដា សាក់(Banda sak)’។
កុសលជាអ្នកប្រដាល់ដែលទាត់បានល្អតែអ្នកប្រដាល់រូបនេះពេលខ្លះវ៉ៃបានល្អឥតខ្ចោះ តែពេលខ្លះអន់ខ្លាំងតែម្ដង ។ ចំពោះបាន់ ដា សាក់វិញគេជាអ្នកប្រដាល់ដែលមានចិត្តអំណត់ខ្លាំងណាស់ហើយគេវ៉ៃស៊ូ និង ហ៊ានប្ដូរកណ្ដាប់ដៃជាមួយគូប្រកួតដោយគ្មានញញើត ។
កុសល២ប្រកួតរបស់គេឈ្នះទាំង២ប្រកួត គេមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥១ដង ចាញ់១២ដង និងស្មើពិន្ទុ២ ដង ។ចំពោះបាន់ដា សាក់វិញគេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥០ដង និងចាញ់៨ដង ។អ្នកប្រដាល់ថៃរូបនេះ២ប្រកួតរបស់គេចាញ់ទាំង៣ប្រកួត ។នរណានឹងឈ្នះក្នុងការប្រកួតនេះ ?