លោក ប្រាវីត វង្សសុវ៉ុន រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ មកទស្សនកិច្ចកម្ពុជា
ភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវ៉ុន (Prawit Wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
អញ្ជើញដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកនាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវ៉ុន ត្រូវបានទទួលបដិសណ្ឋាកិច្ចស្វាគមន៍ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ប៊ុត លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។ ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ លោក នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវ៉ុន (Prawit Wongsuwon) ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៤ នៅសណ្ឋាគារហ្គាឌីនស៊ីធី រាជធានីភ្នំពេញ។ នារសៀលថ្ងៃទី១៣នេះដែរ លោក នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវ៉ុន (Prawit Wongsuwon) ក៏បានអញ្ជើញទស្សនាវិមានអនុស្សាវរីយ៍ឈ្នះឈ្មះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ផងដែរ ៕