ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កង​កម្លាំង​មួក​ខៀវ​កម្ពុជា ​ផ្សព្វ​ផ្សាយ ​ពី​ការ​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​ទៅ​ដល់​ប្រជា​ជន​ម៉ា​លី​

100


ភ្នំពេញ៖ ក្រសួងការពារជាតិ បានផ្សាយថា កង​កម្លាំង​មួក​ខៀវ​កម្ពុជា​​ កំពុង​បំពេញ​បេសកកម្ម​ ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​​ នៅ​សា​ធារណ​រដ្ឋ​ម៉ា​លី ​នៃ​កង​កម្ទេច​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ ពី​ការ​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​​ ​ជា​ពិសេស​គ្រាប់​កែ​ច្នៃ​ ដែល​ក្រុម​ឧទ្ទាម​តែង​តែ​ដាក់​បង្កៃ​នៅ​តាម​ដង​ផ្លូវ ​ឬ​តាម​អគារ​នា​នា​ នៅ​ក្នុង​តំបន់​ ដែល​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ នៃ​ប្រទេស​ម៉ា​លី​។​

ពី​សា​ធារណ​រដ្ឋ​ម៉ាលី ​នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​​នេះ​ លោក​វរសេនីយ៍​ឯក​ លាង​ សុ​វណ្ណា​រ៉ា​ មេ​បញ្ជាការ​កង​កម្ទេច​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ កំពុង​បំពេញ​បេសក​កម្ម​នៅ​ទីនោះ​ បាន​ឲ្យ​ដឹង​ថា​៖ “​កង​កម្លាំង​កម្ពុជា​​​ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​ទៅ​ប្រជាជន​ម៉ាលី​ ឲ្យបាន​យល់​ដឹង​ ពី​ការ​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ គ្រាប់​មិន​ទាន់​ផ្ទុះ ​និង​គ្រាប់​កែ​ច្នៃ​​​“​។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ប្រជា​ជន​ នៃ​ប្រទេស​ម៉ាលី​ ពួក​គាត់​ខ្វះ​ការ​យល់​ដឹង​​ អំ​ពី​ការ​គ្រោះ​ថ្នាក់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​។​ លោក​មេ​បញ្ជាការ​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​​ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ រយៈ​ពេល​ជិត​១​ឆ្នាំ​ នៃ​ការ​ងារ​បេសក​កម្ម​អង្គការ​សហ​ប្រជា​ជាតិ ​គឺ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​​ បាន​បំពេញ​ការ​ងារ​ទទួល​បាន​ជោគ​ជ័យ​ធំ​ៗ​ជា​ច្រើន ជូន​ដល់​ប្រជាជន​ម៉ាលី​​ និង​បាន​ប្រមូល​គ្រាប់​មីន​​ គ្រាប់​មិន​ទាន់​ផ្ទុះ ​និង​គ្រាប់​កែ​ច្នៃ​ ជា​ច្រើន​ពាន់​គ្រា​ប់ ហើយ​ក៏​បាន​ធ្វើ​ការ​កម្ទេច​ចោល​នៅ​នឹង​កន្លែង​រួចរាល់ហើយ​ផង​ដែរ​។ លោក​បន្ត​ថា​៖ បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ប្រចាំ​មក​ ប្រជាជន​ម៉ាលី ​ជា​ពិសេស​កុមារ ​និង​យុវជន​បាន​យល់​ដឹង​ច្រើន​ពី​ការ​គ្រោះ​ថ្នាក់​ ហើយ​ក៏​បាន​ផ្សព្វ​ផ្សាយ​បន្ត​ទៅ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​។​

លោកនាយ​ឧត្តម​សេនីយ៍ ​សែម​ សុវណ្ណនី​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រក្សា​សន្តិភាព​ និង​ជា​អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​ រក្សា​សន្តិ​ភាព ​បាន​ឲ្យ​ដឹង​ថា​៖ “​បេសក​កម្ម​នៅ​ប្រទេស​ម៉ាលី​​ គឺ​មាន​២​កង​ គឺ​កង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ ​និង​កង​កម្ទេច​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​គឺ​មាន​ចំនួន​កម្លាំង​សរុប​៣០៩​នាក់​”​។​​ លោក​បញ្ជាក់​ថា៖​ ការ​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ទៅ​ប្រទេស​ម៉ាលី ​ដើម្បី​ជា​បុព្វ​ហេតុ​សន្តិភាព ​សន្តិ​សុខ ​និង​មនុស្ស​ធម៌​លើ​ពិភព​លោក​ កម្ពុជា​បាន​រួម​ចំណែក​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន ​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ការ​សហ​ប្រជា​ជាតិ ​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដែល​កំពុង​ប្រឈម ​នឹង​ការ​គ្រោះថ្នាក់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ ​កន្លង​ទៅ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា​៖ “​កម្ពុជា​ បាន​បញ្ជូន​កម្លាំង​ទៅ​បំពេញ​បេសក​កម្ម ​គឺ​កម្ពុជា​បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​​ចិត្ត​យ៉ាង​មុត​មាំ​របស់​ខ្លួន ​ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ ​ដ៏​ស្មុគ​ស្មាញ ​និង​ការ​ពារ​ជន​ស៊ីវិល ​ដែល​ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត។​

គួរ​បញ្ជាក់​ថា​៖ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ​កម្ពុជា​បាន​បញ្ជូន​កម្លាំង ​ចំនួន​សរុប​ជិត​៦​ពាន់​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​​ជិត​៣០០​នាក់ ​ទៅ​ចូល​រួម​បេសក​កម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ចំនួន​៨​ប្រទេស​។​ ដែល​បច្ចុប្បន្ន​កម្ពុជា ​មាន​កម្លាំង​ជិត​១.០០០​​នាក់ ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​​ ស៊ូ​ដង់​ខាង​ត្បូង​​ អា​ហ្វ្រិក​កណ្តាល​​ លីបង់​ និង​ប្រទេសម៉ាលី​ ៕

អត្ថបទដែលជាប់ទាក់ទង