ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ស្នើដល់ភាគីឥណ្ឌូនេស៊ី បើកការហោះហើរ ត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌូណេស៊ី

146


ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្ប៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប លោកស្រី Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូណេស៊ី នៅវិមានសន្តិភាព។

លោកស្រី Paun Maharani បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីគោលបំណង នៃការអញ្ជើញមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រារព្ឋខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី ដែលទំនាក់ទំនងនេះ បានបន្សល់ទុកដោយ ស្នាព្រះហស្តនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និង អតីតប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូកាណូ។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ និងពេញចិត្តបំផុតចំពោះវត្តមាន ចូលរួមយ៉ាងច្រើនអធិកអធម ពីបណ្តាថ្នាក់ដឹកនាំកម្ពុជា នៅក្នុងពិធីប្រារព្ធខួបទំនាក់ទំនងការទូតនេះ។ លោកស្រី ក៏បានជម្រាបជូន សម្ដេចតេជោ ផងដែរថា ការជ្រើសរើសយកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះជាថ្ងៃប្រារព្ធខួប គឺកាលពី ៦០ ឆ្នាំមុន ដែលត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ១៩៥៩ ដែលប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកស្រី ដែលបានអញ្ជើញមកកម្ពុជា ចូលរួមក្នុងកម្មវិធីនេះ ហើយព្រមទាំងបាននាំមកនូវសិល្បករ សិល្បការនី ចូលរួមសម្តែងយ៉ាងអធិកអធមទៀតផង។ វត្តមានរបស់លោកស្រី គឺបានរឹតបន្តឹងនូវចំណងមិត្តភាពការទូត រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងល្អប្រសើរ។

ទន្ទឹមនឹងនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹក អំពីស្នាដៃនៃថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំកសាងបន្សល់ទុក នូវទំនាក់ទំនងដ៏ល្អដល់ប្រទេសយើងទាំងពីរ ហើយបានបន្តមកដល់អ្នកដឹកនាំជំនាន់ក្រោយៗ ដែលមានរយៈពេលជាង ៦០ ឆ្នាំមកនេះ ហើយដែលកំពុងរីកដុះដាល និងរឹងមាំមកទល់សព្វថ្ងៃ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកផងដែរ អំពីការចូលរួមយ៉ាងសំខាន់ របស់ប្រទេសឥណ្ឌូណេស៊ីកន្លង ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ដោយឡែកនៅកម្ពុជា គឺឥណ្ឌូណេស៊ី បានចូលរួមចំណែកស្វែងរកសន្តិភាព ព្រមទាំងបានធ្វើជាសហប្រធាន នៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីសផងដែរ។ ក្រៅពីនោះ គឺប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកបញ្ជូនទ័ព មកការពារសន្តិភាពនៅកម្ពុជា ក្នុងអំឡុងពេលរៀបចំការបោះឆ្នោត ដែលរៀបចំគ្រប់គ្រង ដោយអង្គការសហប្រជាជាតិ (UNTAC)កាលពីឆ្នាំ ១៩៩៣ ព្រមទាំងជំនួយក្នុងការហ្វឹកហាត់ និងអភិវឌ្ឍធនធានមនុស្ស និងធនធានកងទ័ពនៅកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំភាគីឥណ្ឌូណេស៊ីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការនេះ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅ ហើយចូលរួមជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្ត និងជំរុញនូវទំនាក់ទំនង កាន់ឲ្យកាន់តែជិតស្និទ្ធល្អរប្រសើរវាងប្រជាជាតិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងកម្មវិធីវប្បធម៌ជាដើម។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ភាគី ឥណ្ឌូនេស៊ី បើកឲ្យមានការហោះហើរ ដោយត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌូណេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគគិន សម្រាប់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង