ជំងឺឆ្មាខ្វាចឬខាំនេះ បង្កឲ្យមានអាការ:រោគភ្លាមៗ កើតតាមរយៈមេរោគបាក់តេរី ឈ្មោះ បាតូណេឡា បង្ករលាកសៃរដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសថា បន្ទាប់ពីសត្វឆ្កែ ឬឆ្មា ខាំ ឫខ្វាចសូមប្រញាប់ទៅពិគ្រោះស្ថានភាពជំងឺ ឫស្ថានភាពសត្វខាំជាមួយគ្រូពេទ្យឲ្យបានលឿន កុំទុកយូរ ដែលវានឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិត ។ ជំងឺឆ្មាខ្វាចឬខាំនេះ វាបង្កឲ្យមានអាការ:រោគភ្លាមៗ កើតតាមរយៈមេរោគបាក់តេរី ឈ្មោះ បាតូណេឡា បង្កក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ស្រកទម្ងន់ ដំបៅស្បែកធ្លាយចេញមក រលាក សរសៃរដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗ ។
ក្រសួងសុខាភិបាល បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពក្មេងស្រី ដែលបានស្លាប់ដោយសារឆ្មាខាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានថ្លែងឲ្យដឹងថា ជំងឺឆ្មាខាំនេះ មិនមែនជាជំងឺថ្មី ដែលជាប្រភេទជំងឺដែលមានតាំងពីយូរណាស់មកហើយ តែវាជាជំងឺកម្រកើតមានណាស់។ វាអាចកើតមាន ក្រោយពីមានឆ្មាខាំជាដើម ហើយស្រដៀងនិងប្រហាក់ប្រហែលទៅនឹងជំងឺឆ្កែឆ្កួតដែលកើតឡើងដោយឆ្កែខាំ តែឆ្មាខ្វាចឬខាំនេះ វាបង្កឲ្យមានអាការ:រោគភ្លាមៗ កើតតាមរយៈមេរោគបាក់តេរី ឈ្មោះ បាតូណេឡា (Bartonella) ដែលបង្កឲ្យកើតមានដុំសរសៃឡាំហ្វាទិច (Lymphogranulome) ដែលអាចធ្វើឲ្យមានសភាពឆ្ងន់ធ្ងរ និងស្លាប់បាន ។
បេីតាមមន្ត្រីជំនាញរូបនេះ គឺបន្ទាប់ពីឆ្មារខាំ ពី២ទៅ៣ សប្តាហ៌ក្រោយមក មានការហើមកូនកណ្តុរ ហើយករណីខ្លះ មានក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ស្រកទម្ងន់ ដំបៅស្បែកធ្លាយចេញមក រលាក សរសៃរដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗ ពិសេសថ្លើម ជួនកាលមានរលាកភ្នែក ហើយករណីធ្ងន់ធ្ងរនឹងស្លាប់ដោយសាររលាកខួរក្បាល ឫរលាកបេះដូងជាដើម។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាមានការប្រុងប្រយ័ត្ន ចំពោះសត្វឆ្កែ និងឆ្មា ជាពិសេសអ្នកដែលមានចិញ្ចឹមឆ្កែ ឫឆ្មា កុំឲ្យមានករណីដូចខាងលើនេះ ដោយកុំឲ្យកូនចៅ ប៉ះពាល់ជាមួយសត្វផ្ដេសផ្ដាស ។
លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងបន្ដទៀតថា «ខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្ដទុកដាក់ការអនុវត្ដអនាម័យស្អាត ល្អ ក្នុងកន្លែងរស់នៅ លាថសម្អាតដៃនឹងសាប៊ូ ក្រោយពេលប៉ះពាល់សត្វទាំងនេះ ចៀសវាងការប៉ះពាល់ ឫលេងជាមួយសត្វឆ្កែ រឺឆ្មា ដែលវាអាចខាំ ឫខ្វាច ឫលិតកន្លែងដំបៅដែលមាន ហើយបើមានបញ្ហាសត្វទាំងនេះខាំវិញ សូមប្រញាប់ទៅពិគ្រោះស្ថានភាពជំងឺ ឫស្ថានភាពសត្វខាំជាមួយគ្រូពេទ្យឲ្យបានលឿន កុំទុកយូរ ដែលវានឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិត »។
ជាពិសេស «មិនមានវ៉ាក់សាំងការពារជំងឺដុំសរសៃរឡាំហ្វាទិចនោះឡើយ » តែក្រសួងសូមណែនាំ ដើម្បីការពារជំងឺឆ្កែឆ្កួត និងជំងឺតេតាណុស ដែលអាចកើតមានចំពោះកុមារា-កុមារី ក្រៅពីអាចមានជំងឺដូចបានជម្រាបជូនខាង លើ។ សូមមានការប្រុងប្រយ័ត្ន នូវជំងឺឆ្កែឆ្កួត និងជំងឺតេតាណុស ក្រោយពីឆ្កែខាំ ឫឆ្មាខ្វាច ភ្លាមៗ សូមទៅចាក់វ៉ាក់សាំងឆ្កែឆ្កួត និងវ៉ាក់សាំងតេតាណុស ឲ្យបានគ្រប់ចំនួនដូស ។
ជាងនេះទៅទៀត លោកស្រីវេជ្ជបណ្ឌិត បន្ដថា «ជំងឺនេះមិនមែនជាជំងឺឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ គឺជាជំងឺដែលកើតមានដោយកម្រ ហើយបើមានករណីឆ្មាខ្វាចសូមសម្អាតកន្លែងឆ្មាខ្វាចហ្នឹង ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ដ្រឲ្យបានត្រឹមត្រូវ ជៀសវាងទុកដំបៅស្នាមឆ្មាខ្វាចទុកចោលយូរ កាលណាទុកចោលយូរ វានឹងចម្លងរោគហ្នឹងកាន់តែខ្លាំងឡើង។ ពេលត្រូវសត្វខាំឫខ្វាច យើងត្រូវទៅជួបជាមួយលោកគ្រូពេទ្យភ្លាម ហើយជៀសវាងប៉ះពាល់សត្វឆ្មា ស្លាប់ឬរស់ ដោយមិនបានលាងដៃនឹងសាប៊ូ ឲ្យបានស្អាត ជៀសវាងការចម្លងមេរោគពីសត្វមកមនុស្ស ហើយស្វែងរកការព្យាបាលត្រឹមត្រូវ ។ម្យ៉ាងទៀតកាលណាទុកយូរ ធ្វើឲ្យមានអាការ:ធ្ងន់ធ្ងរ និងស្លាប់បាន ហេតុដូចនេះហើយ ការអនុវត្ដន៍វិធានការ ការពារវាជាការល្អប្រសើរបំផុត។
សូមជម្រាបថា ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយៈពេលជាង២ខែមកនេះ ហើយក្មេងស្រីបានស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ស្ថិតក្នុងភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខណៈកំពុងបញ្ជូនមកស្រុកកំណើតវិញ។
បើតាមម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ជំងឺធ្វើទុក្ខខ្លាំង និងបាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូនរបស់គាត់ បានបាត់បង់ជីវិតចោលឪពុក-ម្តាយ ធ្វើឲ្យរូបគាត់មិនអស់ចិត្តសោះមិនគួរណា ស្លាប់ទាំងវ័យក្មេងបែបនេះ ។
កូនស្រីរបស់គាត់ត្រូវបានឆ្មាខាំ តាំងពីដើមខែធ្នូ ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារ នៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ។ ដោយអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថាគ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយមិនអាចជួយសង្រ្គោះជាតិជីវិតបានទេ៕