ឃាតករជាមុខសញ្ញាគ្រឿងញៀនម្នាក់ ចាក់សម្លាប់គ្នា ដោយសារយកសាច់ជូមកបន្លំធ្វើជាថ្នាំញៀន ត្រូវចាប់ខ្លួន
ខេត្តព្រះសីហនុ៖ មុខសញ្ញាគ្រឿងញៀនម្នាក់ ដែលចាក់សម្លាប់គ្នា ដោយសារយកសាច់ជូមកបន្លំធ្វើជាថ្នាំញៀន ត្រូវចាប់ខ្លួន។ ករណីនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៥កុម្ភៈនេះ ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖ នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩យប់នៅតំបន់ភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ មានហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញា ។ ជនរងគ្រោះត្រូវបាជនសង្ស័យ យកវត្ថុរឹងស្រួចចាក់ចំកញ្ចឹងកខាងស្តាំបណ្តាលដួលស្លាប់នៅនឹងកន្លែងកេីតហេតុ ។ លោកកុល ផាលី បានបញ្ជាក់ថា៖ បន្ទាប់ទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញគ្រប់ផ្នែកបានសហការគ្នា ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់កំណត់មុខសញ្ញាបាន ហើយឈានទៅចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧ :០០នាទី ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចចាប់យកបានវត្ថុតាងមាន ដែកឆាប១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស ) និងកាំភ្លើងជ័រខ្លីពណ៌ខ្មៅមួយ។
ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបគេពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុដោយសារ នៅយប់កើតហេតុ ជនរងគ្រោះបានមកទិញគ្រឿងញៀនពីជនសង្ស័យ ពេលនោះជនសង្ស័យបានយកសាច់ជូបន្លំធ្វើជាថ្នាំញៀន (ម៉ាទឹកកក) ដើម្បីលក់ទៅឲ្យជនរងគ្រោះ ក្នុងតម្លៃ ៣៥.០០០រៀល ពេលដែលជនរងគ្រោះយកទៅប្រើប្រាស់ ទើបដឹងថា ជាសាច់ជូ ក៏បានទៅរករឿងជនសង្ស័យ និង បានឈ្លោះគ្នា យកដាវដេញកាប់ជនសង្ស័យ ។ ជនសង្ស័យក៏ទាញដែកឆាបដែល ទុកនៅក្នុងកេះឈើ ចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ រហូតដល់ស្លាប់ នៅនឹងកន្លែងកើតហេតុ ៕