ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកំពង់ចាមប្រកាស​លទ្ធផល​និង​ផ្តល់​រង្វាន់​លើការ​អនុវត្ត​ចលនា​ប្រឡង​ ប្រណាំង​ឃុំ​ សង្កាត់​ ក្នុងការបម្រើ​សេវា​ល្អ​ ជូនប្រជាពលរដ្ឋ

114

កំពង់ចាម ៖  អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាមលោក​​ គួច​ ចំរើន​ ​ និងលោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​​ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​កិច្ច​ប្រជុំ​ ប្រកាស​លទ្ធផល​ និង​ផ្តល់​រង្វាន់​តាម​ចំណាត់​ថ្នាក់​ នៃការ​អនុវត្ត​ចលនា​ប្រឡង​ ប្រណាំង​ឃុំ​ សង្កាត់​ បម្រើ​សេវា​ល្អ​ ក្នុងខេត្តកំពង់ចាម​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នារសៀល​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាលប្រជុំ​សាលា​ខេត្ត​កំពង់ចាម​។

ប្រធាន​គណៈកម្មការ​វាយ​តម្លៃ​ការ​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ឃុំ​ សង្កាត់​បម្រើ​សេវា​ល្អ​ និងជាអភិបាលរងខេត្តកំពង់ចាម​ លោក ​ហាន​ កុសល​ បាន​ថ្លែង​ថា ឆ្លង​តាមរយៈការផ្តល់សេវាសាធារណៈដោយមានការប្រឡងប្រណាំង បានជំរុ​ញ​ដល់មន្ត្រីពាក់ពន្ធ័ ខិតខំធ្វើការបម្រើប្រជាពលរដ្ឋ​ មិនរើសពេលវេលា​ និងទីកន្លែង​ ពោលគឺ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​តែ​ម្ដង​។

ដោយ​ការ​អនុវត្ត​គោលនយោបាយ​បម្រើ​សេវា​ល្អ​នេះ​ គឺមាន៧ប្រភេទ​ ក្នុង​នោះ​មាន​ដូច​ជា​ការ​ធ្វើ​សំបុត្រកំណើត​ សំបុត្រអាពាហ៍ពិពាហ៍​ សំបុត្រមរណៈភាព​ បញ្ជី​ស្នាក់នៅ( ក១​ )​ សៀវភៅស្នាក់នៅ(ក២)​ បញ្ជីគ្រួសារ(ក៣​ )​ សៀវភៅគ្រួសារ(ក៤ ) ​កិច្ច​ការ​ទាំង​នេះ​តម្រូវ​ឲ្យ​មេឃុំ​ ចៅសង្កាត់​ ស្មៀន​ឃុំ​ សង្កាត់​ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ សង្កាត់​ ត្រូវ​អនុវត្ត​ការងារ​ផ្តល់​សេវា​ទាំង​៧មុខ​ខាង​លើ​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ និង​ដល់​ទី​កន្លែង​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ និង​ខ្លឹមសារ​ណែនាំ​នានា​។ ហើយ​ឃុំ​ សង្កាត់ដែលបម្រើសេវាល្អត្រូវបានដាក់ពិន្ទុតាមរយៈចំនួនចុចLIKE នៅតាម​បណ្តាញសង្គមហ្វេសប៊ុក​ ដោយ​ឃុំ​ព្រែកក្របៅ​ ស្រុក​កងមាស​ ជាប់​ចំណាត់ថ្នាក់លេខ១​ ទទួលបាន​ថវិកា​ចំនួន​១០លានរៀល​ ឃុំ​មេសជ្រៃ​ ស្រុក​ស្ទឹងត្រង់​  ចំណាត់​ថ្នាក់​លេខ២​ ទទួល​បាន​៦​លានរៀល​ និង​ឃុំ​សូរគង​ ស្រុក​កងមាស​ ចំណាត់​ថ្នាក់​លេខ​៣​ ទទួល​បាន​៤លានរៀល​ ដោយ​ឡែកឃុំ​ សង្កាត់​ជាប់​​ចំណាត់ថ្នាក់កិត្តិយស ពីលេខ៤ ដល់លេខ១០ ទទួលបានថវិកា​ចំនួន​២ លានរៀល ក្នុង​មួយ​ឃុំ​ សង្កាត់​ផងដែរ​។

លោក​​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ ក្នុងឱកាសនោះបាន​កោតសសើ​រ​ និងអរគុណយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង​ របស់រដ្ឋបាលមូលដ្ឋានដែលមាន​ មេឃុំ​ ចៅសង្កាត់​ នគរបាលប៉ុស្តិ៍​ និងមន្ត្រីពាក់ព័ន្ធ ដែលបានបម្រើ​សេវាសាធារណ:ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ​ រោងបុណ្យ​ រោងការ​ ដោយយកចិត្តទុកដាក់​ មិនខ្លាចការនឿយហត់ និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។  ព្រម​ទាំង​បាន​ជម្រុញ​ឲ្យ​មេឃុំ​ ចៅសង្កាត់​ ទាំង​អស់​ត្រូវ​យកចិត្ត​បន្ថែម​ទៀត​ ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។​

ជា​មួយ​គ្នា​នោះ​ លោក​​អភិបាលខេត្ត​ ក៏​បាន​ជំរុញ​ដល់​​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ ត្រូវ​ជួយ​ធ្វើ​ការ​​ផ្សព្វផ្សាយ​ សូម​ឲ្យ​ប្រជាពលរដ្ឋ​ ​កុំ​បន្ត​ធ្វើ​ការ​សាបព្រោះ​ស្រូវ​ប្រាំ​ជា​លើក​ទី​២​ ព្រោះ​គ្រោះរាំងស្ងួត​នឹង​កើ​ត​មាន​ឡើង​ក្នុង​កំឡុង​ខែមេសានិងឧសភា​ ​ខាងមុខ​នេះ​​ ដែល​នឹង​​មិន​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​​ស្រោចស្រព​ដំណាំ​កសិផល​​នោះទេ​ ថែមទាំង​អាច​ខ្វះខាត​ទឹក​ ​ហើ​យ​​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​ និង​សត្វ​ព្រៃ​ទៀត​ផង​។​

លោក​​អភិបាលខេត្ត ក៏បានជំរុ​ញ​មន្ត្រីតាមមូលដ្ឋានធ្វើ​ការប្រឡងប្រណាំងលើ​ផ្នែកអនាម័យ​ ដើ​ម្បី​កាត់បន្ថយការបន្ទោរបង់ពាលវាលពាលកាល​បន្តទៀត​ និងលើ​កស្ទួយអនាម័យជនបទផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង