រដ្ឋាភិបាលកម្ពុជា នឹងរៀបចំរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ ២០១៩
រដ្ឋាភិបាលកម្ពុជា នឹងរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ ២០១៩ ហើយដែលនឹងត្រូវធ្វើសេចក្តីរាយការណ៍ នៅក្នុងវេទិកាកម្រិតនយោបាយជាន់ខ្ពស់នៅ បូរីញ៉ូវយ៉ក ក្នុងកំឡុងខែកក្កដា ឆ្នាំ ២០១៩ខាងមុខនេះ។
របាយការណ៍នេះ គឺជាវិធីសាស្ត្រសម្រាប់ធ្វើការវាយ តម្លៃទៅ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅក្នុងប្រទេសនិមួយៗ ដែលជារដ្ឋសមាជិកអង្គការសហប្រជាតិ។ របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត តម្រូវអោយភាគីពាក់ព័ន្ធនានា ដូចជារដ្ឋាភិបាល វិស័យឯកជន ផែ្នកសិក្សាធិការ និងអង្គការ សង្គមស៊ីវិល ចូលរួមក្នុងដំណើរការនេះ។
ដើម្បីចូលរួមចំណែកក្នុងការរៀបចំរបាយការណ៍នេះ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ក្រុងភ្នំពេញ អង្គការចំនួន៧ ដែលធ្វើការលើផែ្នកនានា រួមមាន៖ អង្គការ NEP, អង្គការ World Vision Cambodia, អង្គការ SILAKA, អង្គការ NGO Forum, អង្គការ CCC, អង្គការ ODC និង អង្គការ HACC បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការធ្វើរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត(VNR)ដែលមានអ្នកចូលរួមសរុប ៦០នាក់ (ស្រ្តី ១៨នាក់)។
ថ្លែងបើកក្នុងវេទិកានេះ លោកបណ្ឌឹត តឹក វណ្ណារ៉ា បានមានប្រសាសន៍ថា៖ អង្គការ NGO FORUM បានប្រមូលធាតុចូលរបស់អង្គការសង្គមស៊ីវិល សម្រាប់ដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍២០១៩-២០២៣ ដែលធាតុចូលសម្រាប់វិស័យនីមួយៗនេះ មានសារសំខាន់ណាស់ សម្រាប់ចូលរួម ចំណែកក្នុងការធ្វើសរសេរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ជាពិសេសកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមកនេះ NGO FORUM បានធ្វើការពិគ្រោះយោបល់ជាមួយសម្ព័ន្ធអង្គការបរិស្ថាន និងការប្រែប្រួលអាកាសធាតុដែលមាន សមាជិក៥៧អង្គការជាតិ និងអន្តរជាតិ ស្តីពីធាតុចូលរបស់សង្គមស៊ីវិល លើវិស័យការប្រែប្រួលអាកាសធាតុ ដែលឆ្លើយតបទៅនឹងគោលដៅទី១៣នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា សម្រាប់បង្ហាញនៅក្នុងសិក្ខាសាលាថ្នាក់ជាតិនាថ្ងៃនេះ។ ដោយឡែក អង្គការCCC បានរៀបចំសិក្ខាសាលាថ្នាក់ក្រោមជាតិចំនួន៣តំបន់ ដើម្បីប្រមូលធាតុចូលពីអង្គការសង្គម ស៊ីវិល សម្រាប់យកមកពិភាក្សានៅក្នុងសិក្ខាសាលាថ្នាក់ជាតិនាថ្ងៃនេះដែរ។ ជាសរុបមក យើងនឹងយកទិន្នន័យដែលយើងប្រមូល បាននាពេលកន្លងមក មកពិភាក្សានៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ដើម្បីសរុបធាតុចូលសំខាន់របស់អង្គការសង្គមស៊ីវិល សម្រាប់ចូលរួមចំណែកក្នុងការសរសេររបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត តាមផែនការ និងជំហ៊ានបន្ទាប់ ដែលអង្គការសង្គមស៊ីវិល នឹងធ្វើការជជែកពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ៕