ជើងឯកប្រចាំទូរទស្សន៍ស្រុកថៃឈ្នះ ជើងឯករងខេត្តបន្ទាយមានជ័យ ដោយពិន្ទុ
ភ្នំពេញ:ជើងឯកប្រចាំទូរទស្សន៍លេខ៣ប្រទេសថៃគឺភេច អារុណ(Phich Arun) ប្រកួតឈ្នះជើងឯករងខេត្តបន្ទាយមានជ័យកម្ពុជាឆៃ មករារបស់ក្លិបអាណាចក្រភ្នំតូចដោយពិន្ទុ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-OutSerie by K-Cement នាយប់ថ្ងៃទី១៦កុម្ភៈ ។
នេះជាការប្រកួតដ៏អស្ចារ្យមួយដែលពួកគេទាំង២វ៉ៃគ្នា ដោយមិនភ្លេចការពារឡើយ ។ ទាំងសងខាងសុទ្ធតែចង់ឈ្នះហើយ ពួកគេចាប់ផ្ដើមវាយសម្រុកលើគ្នាទៅវិញទៅមក តាំងពីទឹកទី១ទៅម្ល៉េះ ។
ស្ថានភាពប្រកួតមានលក្ខណៈតឹងតែងតែ ការវ៉ៃចេញរបស់ភេច អារុណមានប្រសិទ្ធភាពជាង មិនតែប៉ុណ្ណោះភេច អារុណសម្រុកចូលរហូតទៀតផង ។ចប់ការប្រកួតអ្នកប្រដាល់ថៃរូបនេះ យកឈ្នះអ្នកប្រដាល់កម្ពុជាឆៃ មករា ដែលជាជើងឯករងខេត្តបន្ទាយមានជ័យដោយពិន្ទុ ។
ប្រកួតជាមួយអ្នកប្រដាល់ថៃដែរនោះ អ្នកប្រដាល់កម្ពុជាខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១ បានយកឈ្នះអ្នកប្រដាល់ថៃអ៊ីត តា(Eatt Ta)ដោយពិន្ទុដាច់តែម្ដង ។
ខេម ចាន់វាយអ្នកប្រដាល់ថៃអ៊ីត តាឲ្យអាជ្ញាកណ្ដាលរាប់៨ចំនួន២លើក គឺនៅទឹកទី១ និង ទឹកទី៥ ។ ៣ទឹកក្រោយមកទៀតទោះបីខេម ចាន់មិនអាចផ្ដួលអ៊ីត តាបានក៏ពិតមែនតែគេមានប្រៀបរហូត ។ អាជ្ញាកណ្ដាល៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យខេម ចាន់ឈ្នះទាំងអស់គ្នា ។នេះចាជ័យជំនះដោយឯកច្ឆន្ទតែម្ដង ។ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះសេក គឹមសាន្ដក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតឈ្នះអ្នកប្រដាល់ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
វង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់យ៉ាម ខេមរាក្លិបរស្មីកុមារកំព្រាដោយពិន្ទុ ។ខេមរាត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី៣ បន្ទាប់ពីវិឆ័យអុកមួយជង្គង់ចំពញនោះ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ នេះជាជ័យជំនះដោយឯកច្ឆន្ទរបស់វិឆ័យ ព្រោះចៅក្រមទាំង៥ សុទ្ធតែផ្ដល់ពិន្ទុឲ្យវិឆ័យឈ្នះខេមរាទាំងអស់គ្នា ។