ប្រព័ន្ធថ្មីរបស់ជប៉ុន ទទួលពលករកម្ពុជា ឲ្យទៅធ្វើការនៅជប៉ុន ជាលក្ខណៈពលករពេញសិទ្ធិ មិនមែនជាកម្មសិក្សាការី ដូចមុនទៀតទេ
ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាជាមួយលោក HORINOUCHI HIDEHISA ឯកអគ្គរាជទូត ជប៉ុន ដែលបានមកជូនដំណឹងផ្លូវការ អំពីប្រព័ន្ធថ្មីរបស់ជប៉ុន ក្នុងការទទួលពលករកម្ពុជា ឲ្យទៅធ្វើការនៅ ជប៉ុន ជាលក្ខណៈពលករពេញសិទ្ធិ មិនមែនជាកម្មសិក្សាការី ដូចមុនទៀតទេ។ នៅក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”។
បើតាមការក្រសួងការងារ បានប្រកាសថា លោកអ៊ិត សំហេង នឹងទៅជប៉ុន នាសប្ដាហ៍ទី៣ខែមិនា ដើម្បី ចុះកិច្ចព្រមព្រៀង អនុវត្តន៍ ប្រព័ន្ធថ្មីនេះ។ ប្រព័ន្ធថ្មីនេះ ត្រូវអនុវត្តន៍ ចាប់ពី ខែមេសា ឆ្នាំ២០១៩តទៅ ។ ភាគីជប៉ុនសង្ឃឹមថា នឹងអាច ផ្ដល់ការងារបន្ថែមជូនពលករកម្ពុជា។ បច្ចុប្បន្ន កម្ពុជាមាន ៩១០០នាក់ កំពុងធ្វើការនៅជប៉ុន ដែលមានប្រាក់ឈ្នួល ជា មធ្យម ១៥០០ដុល្លារក្នុងមួយខែ ។
លោកអ៊ិត សំហេង វាយតម្លៃល្អ ចំពោះប្រព័ន្ធថ្មីនេះ ចាត់ទុកជាជំហានថ្មីមួយទៀត នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដែលជប៉ុន ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែលអនុញ្ញាតិឱ្យពលករ អាចដាក់ពាក្យទទួលបាន ទិដ្ឋាការកាងារ (Working Visa) ដែលពីមុនពលករទទួល បានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។ ប្រព័ន្ធថ្មីនេះ និងផ្តល់ឱកាសដល់ដែលពលករកំរិតជំនាញ និងកំរិតបច្ចេកទេស អាចចូលទៅបំពេញតម្រូវការកង្វះខាត កម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។
នៅក្នុងជំនួបលោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសផ្តលឱកាសដល់កម្មសិក្សាការីកម្ពុជា ទៅហាត់ការនៅប្រទេស ជប៉ុន ដែលមកដល់បច្ចុប្បន្ននេះ ប្រមាណជាង ៩ពាន់នាក់។ ជាមួយគម្រោងដែលជប៉ុន នឹងដាក់ឱ្យដំណើការនៅប្រព័ន្ធថ្មី ក្នុងទទួលយកពលករពីប្រទេសនានា ទៅធ្វើការ នៅជប៉ុន នាខែមេសា ឆ្នាំ២០១៩ នេះលោករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះថាជាឱកាសដ៏ល្អមួយ ដែលប្រទេសទាំងពីរ នឹងទទួលបាននូវផលប្រយោជន៍ទៅវិញទៅមក ខាងជប៉ុននឹងទទួល បាននូវកម្លាំងពលករពីកម្ពុជា ទៅបំពេញនូវតម្រូវការក្នុងវិស័យជាច្រើន ហើយកម្ពុជានឹងមានលទ្ធភាព ក្នុងការផ្តល់ឱកាសបន្ថែម ទៅដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើស នូវការងាររបស់ខ្លួន តាមចំណងចំណូលចិត្តរបស់ពួកគេ ដើម្បីទទួលបាននូវការងារ ដែលមានប្រាក់ខែខ្ពស់ រួមទាំងចំណេះដឹង និងវិជ្ជាជីវៈជូនដល់ពួកគាត់ថែមទៀត ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត។
ភាគីទាំងពីរ បានឯកភាពជំរុញ ឱ្យក្រុមការងារបច្ចេកទេស ពិនិត្យកែសម្រួលសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ ព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណង ដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ តាមការគ្រោងទុក លោករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ (MOC) នៅទីក្រុងតូក្យូ ក្នុងកំឡុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៩៕