អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនគោរពអធិបតេយ្យរដ្ឋឯករាជ្យកម្ពុជា និងមានចេតនាបំភ្លៃ និងបំភាន់ការអនុវត្តនីតិវិធីច្បាប់របស់តុលាការកម្ពុជា
(ភ្នំពេញ)៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈ Facebook កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ បានបង្ហោះសារមួយការពារ លោក កឹម សុខា អតីតប្រធាន នៃគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពុងចោទប្រកាន់ ពាក់ព័ន្ធនឹងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនគោរពអធិបតេយ្យរដ្ឋឯករាជ្យកម្ពុជា និងមានចេតនាបំភ្លៃ និងបំភាន់ការអនុវត្តនីតិវិធីច្បាប់ របស់តុលាការកម្ពុជាក្នុងសំណុំរឿងរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺជាកាយវិការមួយ ដែលបង្ហាញអំពីការមិនគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជារដ្ឋឯករាជ្យ និងមានចេតនាក្នុងការបំភ្លៃ និងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ ដោយតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យពាក់ព័ន្ធនឹង សំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទ កឹម សុខា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ជាថ្មី អំពីដំណើរការនីតិវិធីច្បាប់ ទាក់ទងនឹងករណីសំណុំរឿងព្រហ្មទណ្ឌរបស់ លោក កឹម សុខា ដូចខាងក្រោម៖
ទី១៖ អំពីអង្គហេតុ និងបទចោទប្រកាន់៖ អាជ្ញាធរមានសមត្ថកិច្ច បានរកឃើញភស្តុតាងដ៏រឹងមាំជាច្រើន និង
គ្រប់គ្រាន់ ដែលបង្ហាញថា ឈ្មោះ កឹម សុខា មានជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ ដោយឃុបឃិតគ្នាជាមួយ បរទេសក្នុងការផ្តលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមបែបបដិវត្តពណ៌ ហើយឈ្មោះ កឹម សុខា ក៏បាននិយាយដោយផ្ទាល់មាត់ខ្លួនឯងអំពីផែនការនេះ តាមរយៈវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយដោយ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ផ្អែកលើអង្គហេតុនេះ ឈ្មោះ កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការពី «បទសន្ទិដ្ឋិភាពជាមួយបរទេស» តាមបញ្ញត្តិនៃមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា ៖ «បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយ សម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ»។
ទី២៖ អំពីចំណាត់ការនីតិវិធីរបស់តុលាការ៖ សំណុំរឿងព្រហ្មទណ្ឌខាងលើនេះ កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានា របស់ចៅក្រមស៊ើបសួរក្នុងដំណាក់កាលនេះ ធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនខុសគ្នាទៅនឹងការអនុវត្តរបស់បណ្តាប្រទេសនានា ដែលប្រកាន់យកប្រព័ន្ធនីតិវិធី ព្រហ្មទណ្ឌដែលមានចៅក្រមស៊ើបសួរនោះដែរ។ ករណីដូចគ្នានេះ ក៏ត្រូវបានអនុវត្តនៅ ក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ក្ដីលើអតីតមេដឹកនាំខ្មែរក្រហមផងដែរ។
ទី៣៖ អំពីការឃុំខ្លួនជាបណ្តោះអាសន្ន និងការដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យរបស់តុលាការ៖ ជនត្រូវចោទ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បាន សម្រេចដោះលែងជនត្រូវចោទរូបនេះ ឱ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញ នូវវិធានការនៃការសម្រេចដាក់ឱ្យស្ថិត នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួន សម្រាប់ជនត្រូវចោទអនុវត្ត ដោយអនុលោមតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា ២២៣ ដល់មាត្រា ២៣០។ ដូចនេះ ការណ៍ដែលស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ លើកឡើងថាលោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែ មកហើយ គឺជាការអះអាងដោយកុហក និងបំភ័ន្តសាធារណជន និងខ្វះភាពយល់ដឹងលើទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជា ដោយហេតុថា តាមផ្លូវច្បាប់ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបប នៃការដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបបនៃ ការឃុំខ្លួនបណ្តោះអាសន្ននោះឡើយ។
ទី៤៖ អំពីចំណាត់ការបន្តរបស់តុលាការ៖ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ចៅក្រមស៊ើបសួរត្រូវបានផ្តល់ពេលវេលាចាំបាច់នានា សម្រាប់ការស៊ើបសួរ និងការស្រាវជ្រាវប្រមូលភស្តុតាងឱ្យបានគ្រប់គ្រាន់ មុននឹងសម្រេចដោយឆន្ទានុសិទ្ធិ និងដោយឯករាជ្យក្នុងការបិទបញ្ចប់ការស៊ើបសួររបស់ខ្លួន ដែលអាចជាការសម្រេចលើកលែងចោទប្រកាន់ ឬការសម្រេចបញ្ជូនរឿង ទៅជំនុំជម្រះនៅក្នុងដំណាក់កាលនីតិវិធីបន្ទាប់។ ដូចនេះតាមច្បាប់របស់កម្ពុជា ស្ថាប័នដែលមានសមត្ថកិច្ចក្នុងការសម្រេចថា ជនត្រូវចោទឈ្មោះ កឹម សុខា ជាមនុស្សស្អាតស្អំ ឬពិតជាមានកំហុសទាក់ទងនឹងការចោទ ប្រកាន់អំពីការឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា គឺមានតែស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។ តុលាការត្រូវធ្វើការសម្រេចដោយឯករាជ្យដោយផ្អែកលើអង្គច្បាប់ ព្រមទាំងអង្គហេតុ និងភស្តុតាង ដែលតុលាការប្រមូលបាន ហើយពុំមែនផ្អែកលើការអត្ថាធិប្បាយ ណាមួយរបស់ស្ថានទូតសហរដ្ឋអាមេរិកនោះឡើយ។ ទន្ទឹមនឹងនេះ សិទ្ធិការពារខ្លួនរបស់ជនត្រូវចោទឈ្មោះ កឹម សុខាដោយរួមទាំងសិទ្ធិជ្រើសរើសនិងពឹងពាក់មេធាវីការពារខ្លួន ក៏ត្រូវបានទទួលស្គាល់ដោយតុលាការ ស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្តែងនូវការសោកស្តាយជាខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មាន ដោយគ្មានមូលដ្ឋានច្បាប់របស់ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលមានចរិតជាការបំភ្លៃ និងការបំភ័ន្តការយល់ដឹងរបស់សាធារណមតិ ចំពោះករណ៏សំណុំរឿងព្រហ្មទណ្ឌដែល មានជនត្រូវចោទឈ្មោះ កឹម សុខា ហើយទម្លាក់កំហុស ដោយអសុទ្ធចិត្តលើស្ថាប័នអនុវត្តច្បាប់កម្ពុជា ដែលបានអនុវត្តតួនាទីសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ ត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដ៏ទទូចដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ឱ្យបញ្ឈប់ការបកស្រាយដោយបំភ័ន្ត និងលាបពណ៌នយោបាយ ទៅលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច និងតុលាការ ដោយសូមទុកកិច្ចការនេះជូនស្ថាប័នតុលាការរបស់កម្ពុជា ចាត់ការតាមច្បាប់របស់កម្ពុជាក្នុងឋានៈជារដ្ឋអធិបតេយ្យ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើដល់ស្ថាប័នតុលាការឱ្យបន្តប្រកាន់ ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុង ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីជាធរមាន ចំពោះករណីសំណុំរឿងព្រហ្មទណ្ឌខាងលើនេះផងដែរ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក អារិន ឆ្វាតចេស បញ្ជាក់ជាថ្មីថា: “រដ្ឋាភិបាលកម្ពុជាមិនអាចបង្កើតទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកវិញបានទេ លុះណាតែដោះលែងលោក កឹម សុខា ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឲ្យត្រឹមត្រូវជាមុនសិន”៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖