ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ជាមន្ត្រីយោធា បើក​រថយន្តស៊េរីទំនើប ​បុក​ក្បាល​នាគ​ពុះ​ចែក​​ទ្រូង​ផ្លូវ ​បណ្ដាល​ឲ្យ​ស្លាប់​​នៅ​នឹង​កន្លែង​

136


ភ្នំពេញ​៖​ មន្ត្រីយោធា​មួយ​រូប​បើក​រថយន្ត​បុក​ក្បាល​នាគ ​ពុះ​ចែក​​ទ្រូង​ផ្លូ​វ ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ​នៅ​នឹង​កន្លែង​យ៉ាង​​ កាល​ពី​វេលាម៉ោង​ជាង​៨យប់​ ថ្ងៃ​​ទី​១៨​ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ​ ។

សព​មាន​ឈ្មោះ​ ចេង​ ដារ៉ា​ឌី​ មាន​អាយុ​៥០ឆ្នាំ​ ជា​យោធា​នៅ​កង​ឯកភាព​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ នៃអគ្គបញ្ជាការ​ មាន​ស្រុក​កំណើត​​ស្ថិត​នៅ​ភូមិ​អូរស្លែង​ ឃុំ​ដណាក់​កន្តួត​ ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត​ ហើយ​ទី​លំនៅ​បច្ចុប្បន្ន​ ស្ថិត​នៅ​ភូមិ​៩ សង្កាត់​ទឹក​ល្អក់​២ ​ខណ្ឌ​ទួលគោក​ក្រុងភ្នំពេញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​ បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ISUZU D-MAX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ព្រះ​សីហនុ​ 2A-8000 បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥អា​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​រថយន្ត​ខាង​លើ ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ ​លាន់​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​អ្នក​បើកបរ​ បាន​ស្លាប់​បាត់បង់​ភ្លាមៗ​ ​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​ ចំណែក​ឯ​រថយន្ត​វិញ ​រង​ការ​ខូចខាតផ្នែកខាងមុខ ​មួយ​កំណាត់​​យ៉ាង​ដំណំ​។

ក្រោយ​កើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់​ហើយ​ធ្វើ​ការ​ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ ដើម្បី​ចុះមកធ្វើការវាស់ យក​រថយន្ត​ទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ដើម្បី​​រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ​។ ដោយឡែកសព ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ៕

អត្ថបទដែលជាប់ទាក់ទង