លោកគ្រូម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG បុកស្លាប់ នៅសាលាបឹងត្របែក
ភ្នំពេញ៖ លោកផេង សុវណ្ណារ៉ា នាយកវិទ្យាល័យបឹងត្របែក បានចេញជូនដំណឹងថា លោកគ្រូ សុខ ទែល ដែលបានគ្រោះថ្នាក់ចរាចរ កាលពីម៉ោង៨ព្រឹកថ្ងៃទី២០កុម្ភៈនេះ នៅមុនវិទ្យាល័យបឹងត្របែក ក្នុងពេលធ្វើដំណើរមកបង្រៀនសិស្ស បានទទួលមរណភាពហើយ បន្ទាប់ពីរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG បើកបុកទាំងកំរោល។
លោកគ្រូ សុខ ទែល បានជួបគ្រោះថ្នាក់ចរាចរ កាលពីព្រឹកមិញ នៅខាងមុខវិទ្យាល័យបឹងត្របែក បានស្លាប់ហើយ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។
រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG ដាច់ហ្រ្វាំងបុករះម៉ូតូជាច្រើនគ្រឿង កាលវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នងនោះរថយន្តបង្កបានបុករះម៉ូតូ៤គ្រឿង និងម៉ូតូកង់បីមួយគ្រឿង ហើយរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនស៊ីផិច បើកបរដោយឈ្មោះ ព្រំ ប៊ុនណាត ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំ បើកចូលក្រុងទាំងព្រលឹម ដាច់ហ្វ្រាំងបុករះ និងកិនម៉ូតូជាច្រើនគ្រឿង រួមទាំង PassApp មួយគ្រឿងទៀត បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់ ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងចេញអន្តរាគមន៍។
ចំណែកតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗយកទៅប៉ុស្តិ៍ ៕