ពលការនីខ្មែរឥស្លាម២នាក់ទៀតហើយ ត្រូវបានជួយសង្គ្រោះ ឲ្យមកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់ខុសច្បាប់ ទៅធ្វើការ នៅអារ៉ាប៊ីសាអូឌីតជាង ២ឆ្នាំ
ភ្នំពេញ ៖ ស្រ្តីពលការិនីខ្មែរឥស្លាមបម្រើការងារនៅតាមផ្ទះចំនួន ២នាក់ ទៀតហើយ បានត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីត្រូវបាន លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានផ្តល់កិច្ចអន្តរាគមន៍ជួយដល់ពួកគាត់ ក្រោយពីបានចាញ់បោកមេខ្យល់ ដែលបាន បញ្ជូន នាងទៅបម្រើការងារតាមផ្ទះ ដោយខុសច្បាប់ នៅប្រទេស អារ៉ាប៊ីសាអូឌីតអស់រយៈពេលជាង២ឆ្នាំ ដោយមិនបាន ប្រាក់កម្រៃ សម្រាប់កម្លាំងពលកម្មអ្វីសោះនោះ ។ ពលការិនី ២នាក់នេះ បានមកដល់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ កាលពីរាត្រី ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំចាំរឺលទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៩ ។
ស្ត្រីរងគ្រោះទាំងពីរនាក់ខាងលើ ឈ្មោះ តាំ ហ្វាត់ទ្រី អាយុ ២២ ឆ្នាំ រស់នៅភូមិ មេម៉ាយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឈ្មោះ ឆាយ ផៃ អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ អំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នាង តាំង ហ្វាត់ទី បានរៀបរាប់ថា៖ នាងបានចាញ់បោកមេខ្យល់ម្នាក់ដោយបានមកបបួលឲ្យនាងទៅធ្វើការងារនៅ ប្រទេសអារ៉ាប់ប៊ីសាអូឌីត គឺធ្វើការងារនៅតាមផ្ទះនោះនឹងបានប្រាក់ខែខ្ពស់ ពេលខ្ញុំទៅដល់ធ្វើការងារតាមផ្ទះនៅ គេបាន ប្រើកម្លាំងពលកម្មរបស់ខ្ញុំរហូតដោយមិនឃើញឲ្យប្រាក់ខែសោះ អស់រយះពេលជាងពីរឆ្នាំមកនេះ ថែមទាំងដក់ប៉ាស្ព័ពីខ្ញុំទៀត ។ ដោយមូលហេតុនេះហើយ ទើបខ្ញុំសម្រេចចិត្ត រត់ទៅប្ដឹងស្ថានទូត ទើបដឹង ដល់លោកឧកញ៉ា អូស្មាន ហាស្សាន់ ទើបលោកទំនាក់ទំនងទៅស្ថានទូត ឲ្យជួយអន្ដរាគមទើបខ្ញុំបានវិញត្រឡប់មកមាតុប្រទេសវិញនៅរាត្រីថ្ងៃទី២០កុម្ភៈ ឆ្នា២០១៩នេះ ។
សូមបញ្ជាក់ថា៖ នេះគឺជាលើកទី៦ ហើយដែល លោកឧកញ៉ា អូស្មាន ហាស្សាន់ បានដោះស្រាយអោយបានវិលត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព ដែលស្ត្រីរងគ្រោះទី១ ឈ្មោះ ម៉ាត់ សាណាស់ (សុះ រ៉ទស់) បានមកដល់មាតុ ប្រទេសវិញកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧, ទី២ ឈ្មោះ អេង ពៅ បានមកដល់នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨, ទី៣ ឈ្មោះ ម៉ាន គីរ៉ស់ បានមកដល់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨, ទី៤ ឈ្មោះ កែន ចន្ថា បានមកដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៨, និង ទី៥ ឈ្មោះ លី សំរ៉ោះ បានមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨៕ ដោយ៖ សារិទ្ធ