ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលត្រូវបន្តចុះអប់រំប្រជាពលរដ្ឋបន្ថែមទៀតទាក់ទង នឹងច្បាប់ចរាចរណ៍

97


ភ្នំពេញ ៖ ខណៈបញ្ហាចរាចរណ៍នៅតែជាការព្រួយបារម្ភខ្លាំង ធ្វើឲ្យអត្រាគ្រោះថ្នាក់ស្លាប់ និងរបួស ពិការ បណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ មិនគោរពច្បាប់បើកបរនោះ លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានចិន្រ្តៃយ៍ នៃអនុគណៈកម្មការទី២ (គ.ស.ច.គ) បានជំរុញដល់គ្រប់ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះអប់រំប្រជាពលរដ្ឋបន្ថែមទៀតទាក់ទង នឹងច្បាប់ចរាចរណ៍ ជាពិសេសអ្នកបើកបរ អ្នកបញ្ជាយានយន្តខ្លួនឯង ត្រូវគោរពច្បាប់ចរាចរណ៍។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អនុគណៈកម្មការទី២ (គ.ស.ច.គ) ប្រចាំខែមករា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនោះលោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា សព្វថ្ងៃនេះបញ្ហាចរាចរណ៍ នៅតែជាករណីមួយ ដែលធ្វើឲ្យរាជរដ្ឋាភិបាល មានព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែអត្រានៃគ្រោះថ្នាក់ ស្ថិតនៅខ្ពស់ដដែល ដោយសារតែការបើកបរមិន​បានគោរពច្បាប់ និងមិនអនុគ្រោះ។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែគោរពនូវច្បាប់ចរាចរណ៍ បន្ថែមទៀត ដើម្បីអាយុជីវិតខ្លួន និងក្រុមគ្រួសារផង និងអាយុជីវិតរបស់អ្នកដទៃផង។

យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរកើតឡើង ៣.២៦៧ករណី លើ ៣.៥៣១លើក ថយចុះ ២៦៤លើក ស្មើនឹង ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកអ្នកស្លាប់មានចំនួន ១.៧៦១នាក់ លើ ១.៧៨០នាក់ ថយចុះ ១៩នាក់ ស្មើនឹង ១ភាគរយ ខណៈចំនួនអ្នករងរបួសមានចំនួន ៤.៧៧០នាក់ លើ ៥.៥៣៩នាក់ ថយចុះ ៧៦៩នាក់ ស្មើនឹង ១៤ភាគរយ ។ តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ និង១៣នាក់ បានរងរបួសដោយគ្រោះថ្នាក់ចរាចរ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺមកពីបើកបរល្មើសល្បឿនកំណត់ ៣៧ភាគរយ ការមិនគោរពសិទ្ធិ ១៩ភាគរយ ការមិនប្រកាន់ស្តាំ ១៣ភាគរយ ការវ៉ាជែង ១១ភាគរយ ការបត់ ១០ភាគរយ ស្រវឹង ៥ភាគរយ កត្តាយានយន្ត ៣,៥ភាគរយ និងងងុយដេក ២ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង