ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរប្លន់ ៦នាក់ ត្រូវបញ្ជូនទៅតុលាការ

104


ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ៦នាក់ជាក្រុមចោរប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងធ្វើសកម្មភាព បង្កភាពអសន្តិសុខ នៅម្តុំស្ពានក្បាលថ្នល់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ នគរបាលព្រហ្មទណ្ឌ បានចោទប្រកាន់ជនសង្ស័យទាំង៦នាក់ ពីបទ ប្រព្រឹត្ត បទល្មើស លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្លន់) យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ប្រសិនបើតុលាការរកឃើញថា ពួកគេ ពិតជាបានប្រព្រឹត្តដូចការ ចោទប្រកាន់ប្រាកដមែន នឹងប្រឈមការផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងរយៈពេលចន្លោះពី ៣ឆ្នាំ ទៅ១០ឆ្នាំ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមជនសង្ស័យ ទាំង៦នាក់ រួមមាន៖ទី១ឈ្មោះ​ សុខ​វឌ្ឍន​ ហៅលីន​ ភេទប្រុស អាយុ ២១ឆ្នាំ ទី២ឈ្មោះ​ ហីម​ រាជ​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ ទី៣ឈ្មោះ​ សួ​ រិទ្ធ​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ ទី៤ឈ្មោះ​ ហីម​ វុទ្ធី​ ភេទប្រុស​ អាយុ១៧ឆ្នាំ ទី៥ឈ្មោះ​ ប៊ុន​ ឧត្តម​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ និងទី៦ ឈ្មោះ​ រ៉ា​ សុខឡេង​ ភេទប្រុស​ អាយុ ១៨ឆ្នាំ​។ ពួកគេ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុមជនសង្ស័យ ជាមុខសញ្ញាដែលតែងតែធ្វើសកម្មភាព ប្លន់ម៉ូតូពីប្រជាពលរដ្ឋ ក្រោមរូបភាព ធ្វើជាដេញវាយជនរងគ្រោះ តាមដងផ្លូវ បំភាន់ភ្នែកមហាជន ឲ្យយល់ច្រឡំថា ជាសកម្មភាពក្មេងស្ទាវ កាប់ចាក់គ្នាធម្មតាៗ ប៉ុន្តែតាមការពិត ពួកគេវាយប្លង់យកម៉ូតូពីជនរងគ្រោះ។ ពេលឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានវត្ថុតាង ម៉ូតូចំនួន ៥គ្រឿង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១៩​ ពួកគេបានប្រើបរូបភាព វាយប្លន់ម៉ូតូ នៅចំណុចមុខអគ្គស្នងការនគរបាលជាតិ​ ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង